សាក្សីម្នាក់បាននិយាយថា សំឡេងផ្ទុះ និងអគ្គិភ័យ ត្រូវបានឮ និងឃើញ នៅក្នុងរដ្ឋធានី Port Sudan របស់ប្រទេសស៊ូដង់ នៅព្រឹកថ្ងៃអង្គារ (ទី៦ ខែឧសភា) នេះ តែទីតាំង និងមូលហេតុពិតប្រាកដមិនទាន់ច្បាស់លាស់នៅឡើយទេ ខណៈដែលសង្រ្គាមស៊ីវិល បានធ្វើឲ្យកក្រើកទីក្រុងដែលពីមុនមានសភាពស្ងប់ស្ងាត់ ជាថ្ងៃទី៣ ហើយ។
សំណុំផ្សែងខ្មៅងងឹត អាចត្រូវបានគេមើលឃើញហុយទ្រលោមចេញពីតំបន់ ជុំវិញកំពង់ផែសមុទ្រដ៏សំខាន់របស់ប្រទេស នៅក្នុងទីក្រុង ជាកន្លែងដែលអ្នកភៀសខ្លួនរាប់សែននាក់ បានស្វែងរកកន្លែងជ្រកកោន។
គួរបញ្ជាក់ថា ជម្លោះ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានបង្កើតឲ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ហើយទំនងជានឹងកាន់តែអាក្រក់ទៅៗ ដោយសារការវាយប្រហារលើទីក្រុងកំពង់ផែ Port Sudan ជាកន្លែងដែលអង្គការសហប្រជាជាតិ (UN) និងទីភ្នាក់ងារជំនួយ ក៏ដូចជាក្រសួងរដ្ឋាភិបាលដែលសហការជាមួយកងទ័ព បានបង្កើតទីស្នាក់ការកណ្តាលនៅទីនោះ។

ការវាយប្រហារដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បង្ហាញពីការកើនឡើងយ៉ាងខ្លាំងក្លានូវភាពតានតឹង នៅក្នុងការប្រយុទ្ធគ្នា ខណៈដែលទីក្រុងឆ្នេរសមុទ្រក្រហមមួយនេះ នៅតែមិនត្រូវបានប៉ះពាល់ដោយការវាយប្រហារផ្លូវគោក ឬផ្លូវអាកាសរហូតដល់សប្តាហ៍នេះ។ ថ្ងៃអាទិត្យនោះ មូលដ្ឋានយោធាមួយនៅក្បែរអាកាសយានដ្ឋានអន្តរជាតិដែលនៅដំណើរការតែមួយគត់របស់ស៊ូដង់ ត្រូវបានវាយប្រហារដោយយានដ្រូន ហើយបន្ទាប់មកមានការកំណត់គោលដៅលើឃ្លាំងស្តុកប្រេងឥន្ធនៈ នៅក្នុងទីក្រុងនេះ កាលពីថ្ងៃចន្ទ។
ក្នុងករណីទាំង ២ នោះ ប្រភពយោធាបានដាក់ការទទួលខុសត្រូវទៅលើកងកម្លាំង RSF។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីប្រភពយោធា បានបង្ហើបឲ្យដឹងថា កងទ័ពបានបំផ្លាញយន្តហោះ និងឃ្លាំងអាវុធនៅក្នុងអាកាសយានដ្ឋាន Nyala ដែលគ្រប់គ្រងដោយ RSF។ RSF មិនបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះឡើយ។ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ស៊ូដង់ត្រូវបានញាំញីដោយសង្រ្គាម រវាងកងទ័ព និងកងកម្លាង RSF ដែលបង្កឡើងដោយជម្លោះ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទៅជាការគ្រប់គ្រងស៊ីវិល។ បើយោងតាម UN បានឲ្យដឹងថា ជម្លោះនេះបានធ្វើឲ្យមនុស្សជាង ១២លាននាក់ ផ្លាស់ទីលំនៅ និងបានរុញឲ្យប្រជាជនពាក់កណ្តាលធ្លាក់ចូលទៅក្នុងសភាពអត់ឃ្លានធ្ងន់ធ្ងរ៕
