រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ (ទី៥ ខែឧសភា) បាននិយាយថា ជាមួយនឹងរបៀបវារៈដំឡើងពន្ធ ការកាត់បន្ថយពន្ធ និងវិធានការកាត់បន្ថយច្បាប់ទម្លាប់ផ្សេងៗរបស់លោកប្រធានាធិបតី Donald Trump ទាំងអស់នេះ នឹងរួមគ្នាជួយជំរុញការវិនិយោគរយៈពេលវែងដល់សេដ្ឋកិច្ចអាមេរិក ដោយបន្ថែមថា ទីផ្សារហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក គឺ «ប្រឆាំងនឹងភាពផុយស្រួយ» ហើយនឹងទប់ទល់ជាមួយភាពចលាចល ក្នុងរយៈពេលខ្លីណាមួយ។

នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសកលរបស់វិទ្យាស្ថាន Milken នៅទីក្រុង Los Angeles លោក Bessent បាននិយាយការពារទាំងស្រុងចំពោះវិធានការពន្ធរបស់លោក Trump ប៉ុន្តែបានសង្កត់ធ្ងន់លើសេចក្ដីស្នើច្បាប់ពន្ធរបស់បក្សសាធារណរដ្ឋដែលកំពុងដំណើរការតាមរយៈសភា ដោយនិយាយថា វានឹងធ្វើឲ្យផ្នែកជាច្រើននៃការកាត់បន្ថយពន្ធអាណត្តិទី១ របស់ប្រធានាធិបតីជាអចិន្ត្រៃយ៍ ក្នុងនោះរួមទាំងការកាត់ សម្រាប់អាជីវកម្មខ្នាតតូចផងដែរ។
លោក Bessent បានលើកឡើងទៀតថា៖ «សមាសធាតុចម្បងនៃរបៀបវារៈសេដ្ឋកិច្ចរបស់លោក Trump ដែលមានពាណិជ្ជកម្ម ការកាត់បន្ថយពន្ធ និងការកាត់បន្ថយនូវច្បាប់ទម្លាប់ផ្សេងៗ មិនមែនជាគោលនយោបាយឯករាជ្យនោះឡើយ។ វិធានការទាំងនោះកំពុងភ្ជាប់ផ្នែកជាច្រើននៃម៉ាស៊ីនដែលត្រូវបានរចនាឡើង ដើម្បីជំរុញការវិនិយោគរយៈពេលវែង នៅក្នុងសេដ្ឋកិច្ចអាមេរិក»។
លោក Bessent បានបន្ថែមថា អត្រាពន្ធបន្តបន្ទាប់របស់លោក Trump គិតចាប់តាំងពីចូលកាន់តំណែងជាលើកទី២ នៅថ្ងៃទី២០ ខែមករា ត្រូវបានរៀបចំឡើង ដើម្បីជួយជំរុញឲ្យក្រុមហ៊ុន ដូចអ្នកដែលចូលរួមក្នុងសន្និសីទនេះ មកវិនិយោគនៅសហរដ្ឋអាមេរិក សាងសង់រោងចក្រ និងផលិតផលិតផល នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ នៅត្រីមាសទី១ ចំពេលមានការនាំចូលយ៉ាងច្រើនសន្ថឹកសន្ធាប់ ដើម្បីរួចពីអត្រាពន្ធរបស់លោក Trump ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា GDP (ផលិតផលក្នុងស្រុកសរុប) របស់អាមេរិក នឹងកើនឡើងត្រឹមតែ ១,៨ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២៥៕
