ក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោត និងអ្នកវិភាគ បានលើកឡើងថា ប្រទេសរ៉ូម៉ានីប្រឈមនឹងរលកព័ត៌មានមិនពិតតាមប្រព័ន្ធអ៊ីនធឺណិត នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងខែនេះ ដែលក្រុមស្តាំនិយមជ្រុល មើលទៅបានត្រៀមខ្លួន សម្រាប់ជ័យជម្នះ។
លោក George Simion ដែលជាអ្នកស្តាំនិយមជ្រុល ប្រឆាំងអឺរ៉ុប ទទួលបានសំឡេងឆ្នោត ៤១ភាគរយ នៅក្នុងជុំទី១ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដោយលទ្ធផលនេះកើតមានឡើងត្រឹមតែ ៥ខែប៉ុណ្ណោះបន្ទាប់ពីបេក្ខជនស្តាំនិយមជ្រុលម្នាក់ទៀត គឺលោក Calin Georgescu បានទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតដែលក្រោយមកត្រូវបានលុបចោល ដោយសារតែការសង្ស័យពីការជ្រៀតជ្រែករបស់រុស្ស៊ី។
ឥឡូវនេះ លោក Simion នឹងត្រូវប្រឈមជាមួយអភិបាលក្រុង Bucharest លោក Nicusor Dan ដែលជាអ្នកកណ្ដាលនិយមឯករាជ្យ សម្រាប់ការបោះឆ្នោតជុំទី២ នាថ្ងៃទី១៨ ខែឧសភា នៅក្នុងប្រទេសដែលជាសមាជិករបស់សហភាពអឺរ៉ុប និងអង្គការណាតូ។

ទីក្រុងមូស្គូបានបដិសេធថា ខ្លួនមិនបាននៅពីក្រោយការកើនឡើងនៃសកម្មភាព នៅលើបណ្ដាញសង្គម TikTok និងបណ្ដាញសង្គមផ្សេងទៀតនោះទេ កាលពីចុងឆ្នាំមុន ដែលផ្សាយព័ត៌មានគាំទ្រដល់លោក Georgescu។ កាលពីថ្ងៃចន្ទ វិមានក្រឹមឡាំងបានលើកឡើងថា លោក Georgescu ត្រូវបានដកចេញពីការប្រកួតប្រជែងតាមអំពើចិត្ត។
ទាំងអាជ្ញាធររ៉ូម៉ានី និង TikTok បានឲ្យដឹងថា ពួកគេបានដាក់ចេញវិធានការ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត តាមប្រព័ន្ធអ៊ីនធឺណិត។ តែទោះជាយ៉ាងណាក្ដី គណៈកម្មការអឺរ៉ុបបានបើកដំណើរការជាផ្លូវការប្រឆាំងនឹងបណ្ដាញសង្គម TikTok ជុំវិញការខកខានរបស់ខ្លួន ក្នុងការកំណត់ការជ្រៀតជ្រែក ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន។
អ្នកវិភាគនយោបាយ លោក Sorin Ionita បានកត់សម្គាល់ពីការសាយភាយនៃបណ្តាញសង្គមដែលផ្សាយព័ត៌មានមិនពិតគាំទ្រគណបក្សនយោបាយ ដែលជាការរំលឹកពីស្ថានភាព មុនការបោះឆ្នោតដែលត្រូវបានលុបចោល ខណៈដែលគណនី TikTok កើនឡើង៕

