មន្ត្រីរបស់រដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ (ទី៦ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា មានអ្នកស្លាប់យ៉ាងហោចណាស់ ១៤នាក់ ខណៈ ១៦នាក់ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំង មុនរដូវមូសុង បានកើតមាននៅក្នុងរដ្ឋនេះ។

រូបភាពតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញឲ្យឃើញដើមឈើដួលរលំ និងដំណាំរងការខូចខាត ដោយសាររន្ទះ និងផ្គររន្ទះ បានកើតមាននៅតំបន់មួយចំនួន។
យោងតាមនាយកដ្ឋានឧតុនិយមរបស់ឥណ្ឌា បានឲ្យដឹងថា ភ្លៀងធ្លាក់ខុសរដូវនៅទូទាំងតំបន់ភាគច្រើននៃរដ្ឋនេះ ត្រូវបានជំរុញដោយខ្យល់ព្យុះស៊ីក្លូន នៅក្នុងតំបន់ជិតខាងរបស់ប្រទេសប៉ាគីស្ថាន និងរដ្ឋ Rajasthan របស់ប្រទេសឥណ្ឌា។
អ្នកព្យាករអាកាសធាតុបានព្យាករថា នឹងមានភ្លៀងធ្លាក់ច្រើន ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពាសពេញរដ្ឋ Gujarat រហូតដល់ថ្ងៃព្រហស្បតិ៍។ មន្ត្រីក្នុងតំបន់ បានប្រាប់សារព័ត៌មាន Reuters ថា មនុស្ស ១៤នាក់ បានបាត់បង់ជីវិត ហើយ ១៦នាក់ទៀត រងរបួស។
គួររំលឹកថា កាលពីខែមុន ភ្លៀងធ្លាក់ខ្លាំងខុសរដូវ នៅទូទាំងភាគខាងកើត និងកណ្តាលរបស់ប្រទេសឥណ្ឌា និងផ្នែកខ្លះនៃប្រទេសនេប៉ាល់ បានបណ្ដាលឲ្យមនុស្សជាង ១០០នាក់ ស្លាប់៕
