មេដឹកនាំអភិរក្សនិយមអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃអង្គារ (ទី៦ ខែឧសភា) នេះ មិនអាចទទួលបានសំឡេងភាគច្រើនដែលត្រូវការពីសភា ដើម្បីក្លាយជាអធិការបតី នៅក្នុងការបោះឆ្នោតជុំទី១ ជាផលប៉ះពាល់ដែលមិននឹកស្មានដល់ សម្រាប់រដ្ឋាភិបាលចម្រុះថ្មីរបស់លោក ជាមួយគណបក្សសង្គមប្រជាធិបតេយ្យ ដែលជាក្រុមកណ្ដាល-ឆ្វេងនិយម។
ប្រធានសភា Bundestag លោកស្រី Julia Kloeckner បានប្រាប់ឲ្យដឹងថា លោក Merz វ័យ ៦៩ឆ្នាំដែលបានដឹកនាំគណបក្សអភិរក្ស CDU/CSU ឲ្យឈ្នះការបោះឆ្នោតសហព័ន្ធ ក្នុងខែកុម្ភៈ ហើយដែលចាប់ពីនោះ បានប្រឹងប្រែងឲ្យមាននូវកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សសង្គមប្រជាធិបតេយ្យ (SPD) បានទទួលសំឡេងត្រឹមតែ ៣១០សំឡេងប៉ុណ្ណោះ នៅក្នុងសភាជាន់ទាប។ រូបលោកត្រូវការ ៣១៦សំឡេង ដើម្បីទទួលបានសំឡេងភាគច្រើន។

លោកស្រី Kloeckner បាននិយាយថា លោកស្រីកំពុងបញ្ឈប់សម័យប្រជុំសភា ដើម្បីឲ្យក្រុមសមាជិកសភាអាចពិភាក្សាថា តើត្រូវអនុវត្តយ៉ាងដូចម្ដេច នាពេលបន្ទាប់។
សភាជាន់ទាប ឬ Bundestag ឥឡូវនេះ មានពេល ១៤ថ្ងៃ ដើម្បីជ្រើសរើស Merz ឬបេក្ខជនអធិការបតីផ្សេងទៀត ដែលទទួលបានសំឡេងភាគច្រើនដាច់ខាត ហើយអាចព្យាយាមដំណើរការបោះឆ្នោតមួយផ្សេងទៀតយ៉ាងឆាប់នៅថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា ក្រុមអភិរក្សនិយមរបស់លោក Merz បានឈ្នះការបោះឆ្នោតជាតិ ក្នុងខែកុម្ភៈ ដោយទទួលបានសំឡេង ២៨,៥ភាគរយ ប៉ុន្តែត្រូវការដៃគូយ៉ាងតិចមួយ ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើន។ កាលពីថ្ងៃចន្ទ ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សសង្គមប្រជាធិបតេយ្យ ដែលមានសំឡេងឆ្នោតត្រឹមតែ ១៦,៤ភាគរយប៉ុណ្ណោះ ជាលទ្ធផលដ៏អាក្រក់បំផុតរបស់ពួកគេនៅក្នុងប្រវត្តិសាស្ត្រ ក្រោយសង្រ្គាមអាល្លឺម៉ង់៕
