អាមេរិក៖ រដ្ឋមន្ត្រីព័ត៌មានសេតវិមានលោកស្រី Jen Psaki និយាយថា រដ្ឋបាលលោក Biden កំពុងរៀបចំទណ្ឌកម្មថ្មីលើទីក្រុងតេអេរ៉ង់ ប្រសិនបើផ្នែកការទូតក្នុងកិច្ចចរចានុយក្លេអ៊ែរបរាជ័យ ហើយកម្មវិធីរបស់អ៊ីរ៉ង់នៅតែបន្តពន្លឿន។ ការចរចារវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ក្នុងគោលបំណងសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានបន្តឡើងវិញនៅទីក្រុងវីយែនកាលពីថ្ងៃព្រហស្បតិ៍ ដោយមានភាពតានតឹងខ្ពស់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានទាមទារកាលពីសប្តាហ៍មុន ដែលបណ្តាប្រទេសអឺរ៉ុបបានរិះគន់យ៉ាងខ្លាំង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានលោកស្រី Psaki បាននិយាយថា សហរដ្ឋអាមេរិកនៅតែជឿជាក់លើដំណោះស្រាយការទូត ផ្តល់នូវផ្លូវដ៏ល្អបំផុតដើម្បីជៀសវាងវិបត្តិនុយក្លេអ៊ែរ។ លោកស្រីបាននិយាយថា ទោះយ៉ាងណាដោយសារភាពរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានស្នើឱ្យក្រុមរបស់លោក ត្រៀមខ្លួនក្នុងករណីដែលផ្នែកការទូតបរាជ័យនោះ យើងត្រូវតែងាកទៅរកជម្រើសផ្សេងទៀត។ លោកស្រី Psaki បាននិយាយថា សកម្មភាពថ្មីនេះនឹងពាក់ព័ន្ធទៅនឹងវិធានការបន្ថែមលើការដាក់ទណ្ឌកម្មដែលមានស្រាប់ ដើម្បីរឹតត្បិតបន្ថែមទៀតលើវិស័យផលិតទទួលប្រាក់ចំណូលរបស់ប្រទេសអ៊ីរ៉ង់។ លោកស្រីបានបដិសេធក្នុងការកំណត់ពេលវេលាជាក់លាក់ សម្រាប់សកម្មភាពបន្ថែមណាមួយ។
សហរដ្ឋអាមេរិកបានចូលរួមដោយប្រយោលក្នុងការចរចា ដែលកំពុងបន្តដោយសារតែការដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump។ ប្រធានាធិបតីលោក Joe Biden បានផ្តល់សញ្ញាថា លោកមានបំណងចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញ។ កិច្ចព្រមព្រៀងនៅទីក្រុងវីយែនក្នុងឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម មានន័យថា ដើម្បីគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ បន្ទាប់ពីការសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួន និងដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានបង្កើនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនម្តងទៀត ដោយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិត ដែលបានអនុញ្ញាតក្នុងកិច្ចព្រមព្រៀង៕
អត្ថបទ៖ ប៊ុនថន