នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងជួបជាមួយលោក Donald Trump នៅការិយាល័យប្រធានាធិបតី Oval Office នាថ្ងៃអង្គារ (ទី៦ ខែឧសភា) ដោយមានគោលបំណងរៀបចំឡើងវិញនូវទំនាក់ទំនងដែលលោកនិយាយថា ត្រូវបានបំផ្លាញដោយអត្រាពន្ធរបស់ប្រធានាធិបតីអាមេរិក និងការពិភាក្សាអំពីការបញ្ចូលប្រទេសជាដែនដីឧបសម្ព័ន្ធ។

គួរបញ្ជាក់ថា គណបក្សសេរីនិយម (Liberal Party) របស់លោក Carney បានឈ្នះការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែមេសា ដោយសារការសន្យាដោះស្រាយជាមួយលោក Trump និងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគីថ្មីជាមួយសហរដ្ឋអាមេរិក។ នេះនឹងក្លាយជាជំនួបផ្ទាល់លើកដំបូងរបស់លោក នៅក្នុងតួនាទីជានាយករដ្ឋមន្ត្រីជាមួយលោក Trump។
លោក Carney បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រចុងសសប្ដាហ៍កន្លងមកថា៖ «វាមានសារៈសំខាន់ណាស់ ក្នុងការទាក់ទងគ្នាជាបន្ទាន់ ហើយខ្ញុំរីករាយដែលមានឱកាស សម្រាប់កិច្ចប្រជុំដ៏ទូលំទូលាយមួយនេះ»។ លោកបានបន្ថែមថា លោករំពឹងថា កិច្ចពិភាក្សានេះនឹងពិបាក តែមានភាពស្ថាបនា។
យ៉ាងណាក្ដី លោកបាននិយាយសម្រាលដល់ការមានគំនិតដែលគិតថា ជំំនួបនេះនឹងរកបានច្រកចេញភ្លាមៗ៕
