អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃអង្គារ (ទី៦ ខែឧសភា) នេះ បាននិយាយថា តម្លៃប្រេងដើរតួយ៉ាងសំខាន់នៅក្នុងថវិការបស់រុស្ស៊ី និងសេដ្ឋកិច្ចជារួមរបស់ប្រទេស ប៉ុន្តែផលប្រយោជន៍ជាតិរបស់រុស្ស៊ី គឺជាបញ្ហាធំចម្បងជាងអ្វីទាំងអស់។
លោក Peskov កំពុងធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានលើកឡើងថា ប្រធានាធិបតី លោក Vladimir Putin អាចមានទំនោរទៅរកការដោះស្រាយជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីតម្លៃប្រេង ធ្លាក់ចុះ នាពេលថ្មីៗនេះ។

លោក Peskov បាននិយាយថា៖ «តម្លៃប្រេងមិនអាចជាកត្តាដែលអាចមានឥទ្ធិពលលើទស្សនវិស័យរបស់រុស្ស៊ី ចំពោះផលប្រយោជន៍ជាតិរបស់ខ្លួននោះឡើយ។ ផលប្រយោជន៍ជាតិរបស់រុស្ស៊ី មានទំហំលើសអ្វីៗទាំងអស់ លើសពីតម្លៃប្រេងទៅទៀត»។
លោក Peskov បានបញ្ជាក់ថា ប្រទេសរុស្ស៊ីកំពុងធ្វើការជាមួយអង្គការ OPEC+ ដើម្បីធានាឲ្យបានថា តម្លៃនៅតែស្ថិតក្នុងកម្រិតល្អប្រសើរបំផុត។ លោក Peskov បានប្រាប់បន្ថែមថា៖ «ជាការពិតណាស់ តម្លៃប្រេងអន្តរជាតិ គឺជាកត្តាសំខាន់ណាស់ ក្នុងការបង្កើតថវិកា នៅក្នុងប្រទេសរបស់យើង និងសម្រាប់សេដ្ឋកិច្ចរុស្ស៊ីទាំងមូល»។
នៅពេលត្រូវបានសួរអំពីកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន លោក Peskov បានឆ្លើយថា ការងារកំពុងត្រូវបានបន្តធ្វើជាមួយសហរដ្ឋអាមេរិក៕
