វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៦ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងរុស្ស៊ី នៅតែគ្រោងបញ្ឈប់ការប្រយុទ្ធ នៅអ៊ុយក្រែន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា តាមបទបញ្ជារបស់ប្រធានាធិបតី លោក Vladimir Putin ប៉ុន្តែនឹងឆ្លើយតប ប្រសិនបើកងកម្លាំងអ៊ុយក្រែនព្យាយាមវាយប្រហារទីតាំងរបស់រុស្ស៊ី។
កាលពីថ្ងៃទី២៨ ខែមេសា លោក Putin បានប្រកាសបទឈប់បាញ់រយៈពេល ៣ថ្ងៃ ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួន លើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២។
វិមានក្រឹមឡាំងបានប្រាប់ថា បទឈប់បាញ់រយៈពេល ៧២ម៉ោងនេះ នឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី៨ ខែឧសភា ថ្ងៃទី៩ ខែឧសភា ជាពេលដែលលោក Putin នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអន្តរជាតិ នៅលើទីលានក្រហមរបស់ទីក្រុងមូស្គូ ក្នុងនោះមានរួមទាំងវត្តមានរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ផងដែរ និងថ្ងៃទី១០ ខែឧសភា។
មកទល់ពេលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ហាក់ដូចជាបដិសេធមិនទទួលយកបទឈប់បាញ់រយៈពេលខ្លីបែបនេះឡើយ ដោយនិយាយថា លោកគ្រាន់តែត្រៀមខ្លួនរួចរាល់ ដើម្បីចុះហត្ថលេខាលើបទឈប់បាញ់ដែលនឹងមានរយៈពេលយ៉ាងហោចណាស់ ៣០ថ្ងៃ ជាគំនិតមួយដែលលោក Putin បាននិយាយថា ត្រូវការធ្វើការងារច្រើន មុនពេលវាក្លាយជាការពិត។
នៅពេលសួរត្រូវបានថា តើរុស្ស៊ីនឹងធ្វើអ្វី ប្រសិនបើលោក Zelenskiy មិនចុះហត្ថលេខាលើបទឈប់បាញ់រយៈពេល ៣ថ្ងៃនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «ជាការពិត គំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Putin ស្តីពីបទឈប់បាញ់ជាបណ្តោះអាសន្ន សម្រាប់ថ្ងៃឈប់សម្រាកសាធារណៈ គឺផ្លូវការ ហើយការណែនាំពាក់ព័ន្ធត្រូវបានផ្តល់ (ដល់យោធា) ដោយអគ្គមេបញ្ជាការកំពូល»។
លោក Peskov បានបន្ថែមថា៖ «បទឈប់បាញ់នឹងកើតមាន ប៉ុន្តែក្នុងករណីដែលថា មិនមានការគោរពពីរបបទីក្រុងគីវ ហើយបន្តប៉ុនប៉ងវាយប្រហារទីតាំងរបស់យើង ឬកន្លែងរបស់យើង នោះការឆ្លើយតបសមស្រប នឹងត្រូវបានធ្វើឡើងភ្លាមៗ»៕