ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជានៅរសៀលថ្ងៃនេះ ឱ្យប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោល។
សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាបែបនេះតាមរយៈសំណេររបស់សម្ដេចនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១០ ខែធ្នូនេះ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា៖ «ខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោលតាមការជាក់ស្ដែង»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបែបនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចហាមឃាត់ការលក់អាវុធ និងសម្ភារៈយោធាមកឱ្យកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា វិធានការរបស់សហរដ្ឋអាមេរិកនាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ការសម្រេចចិត្តរបស់សម្ដេចកាលពីឆ្នាំ១៩៩៤ ដែលមិនផ្លាស់ប្ដូរប្រព័ន្ធអាវុធកម្ពុជាទៅទិញប្រព័ន្ធអាវុធរបស់អាមេរិកនោះ គឺជាការសម្រេចចិត្ត«ត្រឹមត្រូវ»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា របបគ្រប់គ្រងប្រទេសដែលប្រើប្រាស់ប្រព័ន្ធអាវុធរបស់អាមេរិក បានចាញ់សង្គ្រាម ដូចជា របបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលបានទិញអាវុធពីអាមេរិក ហើយបន្សល់ទុកបំណុលកខ្វក់សម្រាប់កម្ពុជារហូតមកដល់សព្វថ្ងៃនេះ។
សម្ដេចតេជោក៏បានលើកឡើងពីការដួលរលំនៃរដ្ឋាភិបាលស៊ីវិលរបស់អាហ្វហ្កានីស្ថានកាលពីប៉ុន្មានខែកន្លងទៅនេះ ដែលរដ្ឋាភិបាលប្រទេសមួយនេះ បានប្រើប្រាស់ប្រព័ន្ធអាវុធរបស់អាមេរិក។
ផ្ទុយទៅវិញ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចជឿជាក់ទៅលើភាពក្លាហានប្រកបដោយស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងពឹងផ្អែកតែទៅលើអាវុធតែមួយមុខ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកសេចក្ដីសម្រេចរបស់រដ្ឋាភិបាលអាមេរិកនាពេលថ្មីៗនេះថា ជាសារព្រមានមួយទៅដល់មេដឹកនាំខ្មែរជំនាន់ក្រោយ កុំឱ្យពឹងផ្អែកទៅលើអាវុធរបស់អាមេរិក ប្រសិនបើចង់រក្សាឯករាជ្យភាពខាងវិស័យយោធា៕


