ក្រសួងរតនាគារសហរដ្ឋអាមេរិក និយាយថា កាលពីថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មមេទ័ពមីយ៉ាន់ម៉ាម្នាក់ កូនប្រុស ២នាក់របស់លោក និងក្រុមជីវពលដែលលោកដឹកនាំ សម្រាប់ការសម្របសម្រួលការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការរត់ពន្ធមនុស្សខុសច្បាប់ និងការរត់ពន្ធឆ្លងកាត់ព្រំដែន ។
ក្រសួងរតនាគារនិយាយថា លោក Saw Chit Thu ដែលជាមេទ័ពរបស់កងទ័ពជាតិការ៉ែន គឺជាបុគ្គលកណ្តាលនៅក្នុងបណ្តាញខុសច្បាប់ និងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរកប្រាក់បានច្រើន ដែលមានគោលដៅលើពលរដ្ឋអាមេរិក ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជនឆ្លងកាត់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយត្រូវបានបង្ខំឲ្យធ្វើការនៅមណ្ឌលឆបោក ។
UN និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពជាតិការ៉ែន មានទីស្នាក់ការកណ្តាលស្ថិតក្នុងតំបន់ Shwe Kokko គឺជាតំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ជាទីដែលក្រុមជីវពលជួលដី និងផ្តល់សន្តិសុខដល់អ្នកដែលត្រូវបានបង្ខំឲ្យធ្វើការក្នុងប្រតិបត្តិការឆបោកតាមអនឡាញ ។
ទីក្រុងវ៉ាស៊ីងតោន បានដាក់ទណ្ឌកម្មជាច្រើនជុំផងដែរលើរបបសឹកមីយ៉ាន់ម៉ា និងប្រភពចំណូលដ៏សំខាន់របស់ពួកគេ ចាប់តាំងពីយោធាផ្តួលរំលំរដ្ឋាភិបាលឈ្នះឆ្នោតរបស់ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពលោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដែលបង្កឲ្យមានសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនេះ ៕