ពេលសួរនៅសេតវិមានពីផែនការពង្រីកការវាយប្រហារនៅតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ម្តងទៀតពីការសន្យារបស់សហរដ្ឋអាមេរិកក្នុងការជួយនាំស្បៀងអាហារដល់ជនប៉ាឡេស្ទីននៅដែនដីបិទច្រកមួយនេះ ។
គួរឲ្យដឹងថា ផែនការរបស់អ៊ីស្រាអែល សម្រាប់ស្វះស្វែងរកជ័យជម្នះទាំងស្រុងលើសត្រូវ នៅតំបន់ហ្កាហ្សា បានបង្កឲ្យមានការភ័យខ្លាចជាថ្មីពីអន្តរជាតិ ប៉ុន្តែសម្រាប់អ្នកស្រុកជាច្រើននៅក្នុងដែនដីនេះ ដែលកំពុងរងទុក្ខវេទនាក្នុងការរស់រានរួចទៅហើយ ការគំរាមកំហែងភ្លាមៗបំផុតចំពោះជីវិតពួកគេគឺជាទុរ្ភិក្សចំពោះមុខ ស្របពេលការបិទផ្លូវរបស់អ៊ីស្រាអែល អស់ជាច្រើនខែ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Trump ពុំបានផ្តល់ទស្សនៈរបស់លោកចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែលនោះទេ ។ លោកបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យ Oval ។
លោកថា ពួកយើងនឹងជួយមនុស្សនៅតំបន់ហ្កាហ្សា ទទួលបានស្បៀងអាហារ ។ មនុស្សកំពុងស្រេកឃ្លាន ហើយពួកយើងនឹងជួយពួកគេទទួលបានស្បៀងអាហារ ។ មនុស្សច្រើនណាស់កំពុងជួបរឿងអាក្រក់បំផុត ។ បើអ្នកក្រឡេកមើល ក្រុមហាម៉ាសធ្វើឲ្យរឿងអាក្រក់កើតឡើង ពីព្រោះថាពួកគេយកអ្វីៗគ្រប់បែបយ៉ាងដែលបាននាំចូល ។ ប៉ុន្តែពួកយើងនឹងជួយមនុស្សនៅតំបន់ហ្កាហ្សា ពីព្រោះថាពួកគេត្រូវបានធ្វើបាបយ៉ាងអាក្រក់បំផុតដោយក្រុមហាម៉ាស ៕