ក្រុមអាជ្ញាធរក្នុងតំបន់និយាយថា មន្រ្តីនគរបាល ៣នាក់ ត្រូវបានសម្លាប់ ហើយមនុស្សយ៉ាងហោច ៤នាក់ផ្សេងទៀត បានរងរបួស ពេលដែលខ្មាន់កាំភ្លើង បើកការបាញ់រះលើនគរបាលនៅតំបន់ Dagestan ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ។
លោក Sergei Melikov គឺជាអភិបាលតំបន់ Dagestan និយាយថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង ពេលដែលក្រុមមន្រ្តីនគរបាលចរាចរណ៍ ព្យាយាមស្ទាក់រថយន្តដែលក្រុមឃាតករកំពុងបើកបរ ។
ក្រសួងមហាផ្ទៃរុស្ស៊ី និយាយថា ការវាយប្រហារនេះ កើតឡើងនៅវេលាម៉ោង ២ និង ២០នាទី ម៉ោងក្នុងស្រុកនៅរដ្ឋធានី Makhachkala ។
អ្នកនាំពាក្យរដ្ឋបាលក្រុង Makhachkala និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ២នាក់ ក្នុងចំណោមខ្មាន់កាំភ្លើង ត្រូវបានសម្លាប់ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើមានខ្មាន់កាំភ្លើងប៉ុន្មាននាក់ជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ ខណៈដែលជនល្មើសផ្សេងទៀត បានរត់គេចចេញពីរថយន្ត ។
វីដេអូដែលបានចុះផ្សាយលើបណ្តាញព័ត៌មានសង្គម Telegram ហើយត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញសាកសពរាយប៉ាយលើផ្លូវ នៅជិតរថយន្តនគរបាល ។ ពេលដែលអ្នកដំណើរឈប់មើល ស្នូរកំាភ្លើង បានបន្លឺឡើងបន្ថែមទៀតនៅតាមផ្លូវ ។
សារព័ត៌មានរដ្ឋរាយការណ៍ទៀតថា ខ្មាន់កាំភ្លើង ២នាក់ មន្រ្តីនគរបាល ២នាក់ និងជនស៊ីវិលជាច្រើននាក់ដែលរងរបួស រួមទាំងក្មេងស្រីអាយុ ១៧ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាទីដែលក្រោយមកម្នាក់ក្នុងចំណោមពួកគេបានស្លាប់ ។ បច្ចុប្បន្ន ក្រុមអាជ្ញាធរ បានបើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌលើឧបទ្ទេវហេតុមួយនេះ ។
តំបន់ Dagestan ដែលជាតំបន់ជនមូស្លីមដ៏សំខាន់ បានទទួលរងការវាយប្រហារស្លាប់មនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ កាលពីខែមីនាកន្លងទៅ កងកម្លាំងប្រឆាំងអំពើភេរវកម្ម បានសម្លាប់ក្រុមជីវពល ៤នាក់ដែលមានខ្សែបណ្តាញជាមួយក្រុមរដ្ឋអ៊ិស្លាម ៕