លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារ (០៦ ឧសភា) ថា សហរដ្ឋអាមេរិក នឹងបញ្ឈប់ការទម្លាក់គ្រាប់បែកលើក្រុមសកម្មប្រយុទ្ធហ៊ួទី ក្នុងប្រទេសយេម៉ែន ដោយនិយាយថា ក្រុមដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ បានយល់ព្រមបញ្ឈប់ការរំខាននៅផ្លូវទឹកដឹកជញ្ជូនសំខាន់ៗក្នុងមជ្ឈិមបូព៌ា។

បន្ទាប់ពីលោក Trump បានធ្វើសេចក្តីប្រកាសនោះរួច ប្រទេសអូម៉ង់និយាយថា ខ្លួនបានសម្រុះសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់មួយនេះ ដែលបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ក្នុងគោលនយោបាយក្រុមហ៊ួទី ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣មក។

អូម៉ង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅក្រោមកិច្ចព្រមព្រៀងនោះ ទាំងសហរដ្ឋអាមេរិក និងក្រុមហ៊ួទី នឹងមិនកំណត់គោលដៅដាក់គ្នាទេ រួមទាំងការរំខាននាវារបស់អាមេរិកនៅក្នុងដែនទឹកសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ផងដែរ។ សេចក្តីថ្លែងការណ៍របស់អូម៉ង់នេះមិនបានលើកឡើងទេថាតើក្រុមហ៊ួទី បានយល់ព្រមបញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ឬក៏អត់ឡើយ។

លោក Trump ក៏មិនបានបញ្ជាក់ដែរថា តើអង់គ្លេសបានយល់ព្រមចំពោះបទឈប់បាញ់នេះឬយ៉ាងណាទេ ដោយសារចក្រភពអង់គ្លេសក៏បានចូលរួមក្នុងប្រតិបត្តិការយោធាកន្លងមកដែរ។ ប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ហ៊ួទី របស់យេម៉ែន លោក Mahdi al-Mashat បាននិយាយថា ក្រុមនេះនឹងបន្តគាំទ្រតំបន់ហ្កាហ្សា ហើយថាការវាយប្រហារបែបនេះនឹងបន្ត។

កាតា និងកូវ៉ែត ស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់នេះក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកកាលថ្ងៃអង្គារ ដោយបង្ហាញក្តីសង្ឃឹមសម្រាប់ជំហានដើម្បីទទួលបានសេរីភាពនៃការធ្វើនាវាចរណ៍៕