ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើន បានប្រកាសពីការធ្វើបច្ចុប្បន្នភាពផ្លូវហោះហើរថ្មីដើម្បីបញ្ចៀសដែនអាកាសលើប្រទេសប៉ាគីស្ថាន ខណៈឥណ្ឌា បានបាញ់មីស៊ីលឆ្លងព្រំដែនចូលទៅក្នុងទឹកដីដែលគ្រប់គ្រងដោយប៉ាគីស្ថាន ជាច្រើនទីតាំងនៅព្រឹកថ្ងៃពុធ (០៧ ឧសភា) នេះ។

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដូចជា Air France, Lufthansa, British Airways, Swiss International Air Lines និង Emirates កំពុងបង្វែរទិសធ្វើដំណើរ ខណៈក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌា IndiGo , Air India ព្រមទាំង Qatar Airways និងក្រុមអាកាសចរណ័អាស៊ីជាច្រើនផ្សេងទៀត បានបង្វែរជើងហោះហើរទាំងឆ្លងកាត់ និងនៅក្នុងតំបន់នានារបស់ឥណ្ឌា និងប៉ាគីស្ថាន ដោយសារការបិទព្រលានយន្តហោះ និងដែនអាកាស។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍យ៉ាងតិចបី កំពុងធ្វើដំណើរឆ្លងកាត់សមុទ្រអារ៉ាប់ ហើយបន្ទាប់មកបត់ទៅទិសខាងជើងឆ្ពោះទៅកាន់ទីក្រុងដេលី ដើម្បីគេចពីដែនអាកាសប៉ាគីស្ថាន។

ការបង្វែរជើងហោះហើរកើតឡើងបន្ទាប់ពីឥណ្ឌា វាយប្រហារទីតាំងជាច្រើនរបស់ប៉ាគីស្ថាន និងផ្នែកតំបន់កាស្មៀរ ដែលប៉ាគីស្ថានគ្រប់គ្រង នៅថ្ងៃពុធនេះ ដោយមានអ្នកស្លាប់ច្រើននាក់ត្រូវបានរាយការណ៍ ខណៈប៉ាគីស្ថាន បានហៅការវាយប្រហារនេះថាជា "ទង្វើនៃសង្រ្គាមដ៏ឃោរឃៅ" នៅក្នុងការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ ដែលបានផ្ទុះឡើងរវាងសត្រូវដែលក៏ជាអ្នកជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ៕
