កូរ៉េខាងជើងនឹងអនុញ្ញាតឱ្យគ្រួសារទាហានដែលបានស្លាប់ក្នុងការប្រយុទ្ធដើម្បីរុស្ស៊ីនូវ "អភ័យឯកសិទ្ធិ" ដោយការផ្លាស់ទៅរស់នៅក្នុងទីក្រុងព្យុងយ៉ាង និងសាងសង់ស្តូបមួយរម្លឹកដល់ទាហានដែលបានពលី។

ក្រុមអ្នកជំនាញបាននិយាយថា ការត្រូវបានអនុញ្ញាតឱ្យផ្លាស់ទៅរស់នៅរដ្ឋធានី គឺជាកិត្តិយសដ៏កម្រមួយក្រោមរបបគ្រប់គ្រងរបស់លោក គីម ជុងអ៊ុន ហើយទំនងជាវិធានការដើម្បីទប់ស្កាត់ការរិះគន់របបរបស់លោកដោយសាច់ញាតនៃអ្នកស្លាប់។

អ្នកវិភាគម្នាក់ក៏បានលើកឡើងផងដែរថា ការផ្តល់ជូននេះក៏អាចជាវិធីមួយនៃការប្រមូលផ្តុំគ្រួសារ និងកាត់បន្ថយការរីករាលដាលនៃពាក្យចចាមអារ៉ាមអំពីការខាតបង់ដែលកងកម្លាំងកូរ៉េខាងជើងបានរងទុក្ខ និងលក្ខខណ្ឌដែលពួកគេស៊ូទ្រាំក្នុងការប្រយុទ្ធនៅក្នុងជួរកងទ័ពរបស់លោក Vladimir Putin ។

របាយការណ៍មួយរបស់វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េខាងត្បូង និងកូរ៉េខាងជើងដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានអះអាងថា រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន កំពុងពិចារណាផ្តល់សិទ្ធិស្នាក់នៅក្នុងរដ្ឋធានី ដល់ក្រុមគ្រួសារទាហានពលីដោយសារសង្រ្គាមនៅរបស់រុស្ស៊ីនៅអ៊ុយក្រែន បន្ទាប់ពីទំនងជាបានមើលឃើញថា មានការផ្ទុះកំហឹងជាសាធារណៈជុំវិញការបញ្ជូនកងទ័ពទៅធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
ប្រភពជាច្រើនដែលត្រូវបានដកស្រង់នៅក្នុងប្រទេសកូរ៉េខាងជើង និងរបាយការណ៍បាននិយាយថា ក្រុមសាច់ញ្ញាតទាំងនោះនឹងត្រូវបានផ្ដល់ឲ្យនូវលំនៅឋានក្នុងតំបន់អភិវឌ្ឍន៍ថ្មី ជាយក្រុង Songshin Hwasong៕