ក្រុមមន្រ្តីសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងប្រធានចរចាពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នឹងជួបប្រជុំជាមួយក្រុមមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃសៅរ៍ខាងមុខនេះ ក្នុងអ្វីដែលអាចជាជំហានដំបូងបើកផ្លូវឆ្ពោះទៅការដោះស្រាយសង្រ្គាមពាណិជ្ជកម្ម ដែលរំខានសេដ្ឋកិច្ចពិភពលោក។

ព័ត៌មាននៃកិច្ចប្រជុំដែលលេចឡើងកាលពីល្ងាចថ្ងៃអង្គារ (០៦ ឧសភា) នេះ បានបញ្ជូនសន្ទស្សន៍ភាគហ៊ុនរបស់អាមេរិក ឱ្យឡើងខ្ពស់ បន្ទាប់ពីការខាតបង់ពីរថ្ងៃជាប់គ្នានៅផ្សារហ៊ុន Wall Street ដោយសារភាពមិនប្រាកដប្រជា ជុំវិញរលកពន្ធមិនទៀតទាត់របស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក និងរតនាគារ បាននិយាយថា លោក Greer និងលោក Bessent នឹងធ្វើដំណើររួមគ្នាទៅកាន់ទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) ស្អែកនេះ ហើយនឹងជួបជាមួយប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter ដើម្បីពិភាក្សាពីការចរចាលើពាណិជ្ជកម្មទៅមក។

សេចក្ដីរាយការណ៍មិនបានបញ្ចេញឈ្មោះមន្ត្រីរូបណាខ្លះនឹងចូលរួមកិច្ចប្រជុំពីទីក្រុងប៉េកាំងទេ ដោយគ្រាន់តែនិយាយថា មន្រ្តីជាន់ខ្ពស់អាមេរិកទាំងពីររូប នឹងចូលរួមជាមួយ "តំណាងនាំមុខគេលើបញ្ហាសេដ្ឋកិច្ច" របស់ចិន។ គួរឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ត្រូវបានមើលឃើញយ៉ាងទូលំទូលាយថាជាមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេស និងជាប្រធានអ្នកចរចាពាណិជ្ជកម្ម។ ក្រោយការប្រកាសនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បញ្ជាក់ថា ទីក្រុងប៉េកាំងបានយល់ព្រមធ្វើទំនាក់ទំនងជាមួយអាមេរិកឡើងវិញលើភាពតានតឹងពាណិជ្ជកម្ម៕