ប្រទេសចិន នៅថ្ងៃពុធ៧ឧសភាសប្ដាហ៍នេះ បានប្តេជ្ញាការពារយុត្តិធម៌ ក្នុងកិច្ចចរចាពាណិជ្ជកម្មនាពេលខាងមុខជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសស្វីស ជាការចរចាលើកដំបូងរបស់ភាគីទាំងពីរបន្ទាប់ពីការដំឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រធានាធិបតី Donald Trump ដែលបានធ្វើឱ្យទីផ្សារពិភពលោកច្របូកច្របល់។

ចាប់តាំងពីលោក Trump ត្រលប់ទៅដឹកនាំសេតវិមានវិញក្នុងខែមករា២០២៥ រដ្ឋបាលរបស់លោកបានដំឡើងពន្ធថ្មីសរុបចំនួន១៤៥ភាគរយ លើទំនិញពីប្រទេសចិន ដែលជំរុញឲ្យក្រុងប៉េកាំងចាត់វិធានការសងសឹកវិញភ្លាម។
ទីក្រុងប៉េកាំងបានសងសឹកដោយការដំឡើងពន្ធ១២៥ភាគរយ លើការនាំចូលរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន រួមជាមួយវិធានការកំណត់គោលដៅបន្ថែមទៀត។

កិច្ចពិភាក្សាក្នុងសប្តាហ៍នេះ បង្ហាញពីការចូលរួមជាសាធារណៈផ្លូវការលើកដំបូងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្មនោះ។
រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) លោក Jamieson Greer នឹងចូលរួមកិច្ចពិភាក្សាតំណាងឲ្យសហរដ្ឋអាមេរិក។

លោក Bessent បានប្រាប់ទូរទស្សន៍ Fox News ថាភាគីនានា នឹងបើកកិច្ចប្រជុំនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យក្នុងគោលបំណងដើម្បីដាក់ចេញមូលដ្ឋានគ្រឹះសម្រាប់ការចរចានាពេលអនាគត។
ឧបនាយករដ្ឋមន្ត្រីចិន លោក ហ៊ើ លីហ្វឹង (He Lifeng) នឹងចូលរួមតំណាងឲ្យក្រុងប៉េកាំង។
ក្រសួងកិច្ចការបរទេសចិន និយាយថា លោក ហ៊ើ ដែលជាបុគ្គលលេចធ្លោររបស់ចិនទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក នឹងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់អាមេរិក លោក Scott Bessent៕