ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ (០៧ ឧសភា) នេះថា របបសឹកមីយ៉ាន់ម៉ា បានប្រកាសបន្តបទឈប់បាញ់បណ្តោះអាសន្នដល់ថ្ងៃទី៣១ ខែឧសភា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញក្រោយរញ្ជួយដីដ៏ធំមួយកាលពីចុងខែមីនា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣.៧០០នាក់ និងបំផ្លិចបំផ្លាញផ្នែកធំៗរបស់ប្រទេស។

រដ្ឋាភិបាលយោធាបានប្រកាសពីបទឈប់បាញ់មួយនៅដើមខែមេសា ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ក្រោយពីមានសកម្មភាពស្រដៀងគ្នានេះដោយក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល។

ការវាយប្រហារតាមអាកាសរបស់យោធា និងការវាយប្រហារដោយកាំភ្លើងធំ នៅតែបន្តនៅក្នុងផ្នែកខ្លះនៃសហភាពមីយ៉ាន់ម៉ា ទោះបីជាមានការប្រកាសបទឈប់បាញ់នេះក៏ដោយ។ ប្រមុខកងកម្លាំងការពារមីយ៉ាន់ម៉ាបាននិយាយថា រយៈពេលឈប់បាញ់បណ្តោះអាសន្ននឹងត្រូវបន្តបន្ថែមទៀតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី៣១ ឧសភា។

មីយ៉ាន់ម៉ា កំពុងជួបប្រទះជម្លោះជនជាតិភាគតិចដែលអូសបន្លាយយូរមកហើយ ដែលភាគច្រើននៅតំបន់ភាគខាងជើង ជាទីដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចបាននិងកំពុងប៉ះទង្គិចជាមួយរបបសឹក ដែលកំពុងកាន់អំណាចក្នុងប៉ុន្មានខែថ្មីៗនេះ។ អំពើហិង្សានោះបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន និងបង្កក្តីបារម្ភអំពីជម្លោះដែលរាលដាលចូលក្នុងប្រទេសថៃ៕