ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងថ្លែងសុន្ទរកថាដ៏ធំបំផុតមិនធ្លាប់មាននៃទិវាជ័យជម្នះប្រចាំឆ្នាំ ក្នុងទីក្រុងមូស្គូ នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាការបង្ហាញពីការជ័យម្នះរបស់សហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី ២ ដើម្បីប្រមូលផ្តុំការគាំទ្រសម្រាប់កងទ័ពរបស់លោកដែលកំពុងប្រយុទ្ធនៅសមរភូមិអ៊ុយក្រែន។

ប្រទេសរុស្ស៊ីនឹងប្រារព្ធព្រឹត្តិការណ៍នេះស្របពេលការវាយលុករបស់ខ្លួនមានរយៈពេលជាង៣ឆ្នាំ ហើយបន្ទាប់ពីបានវាយប្រហារអ៊ុយក្រែនដ៏ខ្លាំងក្លាជាច្រើនលើកនៅក្នុងខែមេសា បើទោះបីជាប្រធានាធិបតីអាមេរិកលោកDonald Trump ជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។

វិមានក្រឹមឡាំងបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ដោយសង្ឃឹមថានឹងដណ្តើមយកប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីពេលនោះមកបានក្លាយទៅជាជម្លោះដ៏ធំមួយដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងអូសបន្លាយដល់ពេលនេះ។

លោក Putin បានបញ្ជាឱ្យមានបទឈប់បាញ់រយៈពេលបីថ្ងៃក្នុងប្រទេសអ៊ុយក្រែន ចំថ្ងៃប្រារព្ធព្រឹត្តិការណ៍នេះ ដែលទីក្រុង Kyiv បានរិះគន់ថាគ្រាន់តែជាបទឈប់បាញ់សម្រាប់ក្បួនព្យុហយាត្រាប៉ុណ្ណោះ។
អ៊ុយក្រែន ដែលបានវាយប្រហាររុស្ស៊ី និងទីក្រុងមូស្គូដោយយានដ្រូនអំឡុងពេលមានជម្លោះនោះ បាននិយាយថា ខ្លួនមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅក្នុងប្រទេសរុស្ស៊ីនោះទេ ហើយបាននិយាយថា ប្រទេសមួយចំនួនបានទាក់ទងទៅកាន់ខ្លួន ដើម្បីស្នើសុំការធានាសុវត្ថិភាពសម្រាប់មេដឹកនាំរបស់ពួកគេ ដែលចូលរួមក្នុងក្បួនព្យុហយាត្រានោះ។
បីថ្ងៃមុនក្បួនព្យុហយាត្រាយោធានៅទីលានក្រហម អ៊ុយក្រែន បានបាញ់យានដ្រូនជាង ១០០ គ្រឿងលើប្រទេសរុស្ស៊ីទាំងយប់ រួមទាំងនៅទីក្រុងមូស្គូ ដែលបង្ខំឱ្យអាកាសយានដ្ឋានសំខាន់ៗរបស់រដ្ឋធានីត្រូវ បិទអស់ជាច្រើនម៉ោង៕