កូរ៉េខាងត្បូង៖ ករណីឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងលើសពី ៧០០០ករណីសម្រាប់រយៈពេល ៣ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃសុក្រ នៅក្នុងការកើនឡើងដល់កំណត់ត្រាដែលបានធ្វើឲ្យប៉ះពាល់ដល់មន្ទីរពេទ្យ និងគំរាមដល់គោលដៅរបស់ប្រទេសក្នុងការទប់ស្កាត់ជំងឺរាតត្បាតដោយគ្មានវិធានការបិទខ្ទប់។

លោក Lee Ki-il មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា រដ្ឋាភិបាលរំពឹងថាស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះដោយសារអាកាសធាតុរដូវរងា និងការរាលដាលវីរុសបម្លែងខ្លួនថ្មី omicron។ ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋាភិបាលនឹងពន្លឿនការផ្តល់ការចាក់វ៉ាក់សាំងបង្ការវីរុស ដោយកាត់បន្ថយចន្លោះរយៈពេលរវាងការចាក់វ៉ាក់សាំងលើកទី២ និងទី៣ ពីចន្លោះរយៈពេល ៤ ឬ ៥ខែ បច្ចុប្បន្នមកនៅត្រឹម ៣ខែចាប់ពីសប្តាហ៍ក្រោយ។ ប្រជាជនប្រមាណ ៤១.៥លាននាក់ ឬ ៨១% នៃចំនួនប្រជាជនជាង ៥១លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែមានតែ ១០% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងដូសជំរុញ។
ការរាលដាលករណីឆ្លងដែលជំរុញដោយវីរុសបម្លែងខ្លួនថ្មី Delta ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមជាមួយការកើនឡើងនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ដែលភាគច្រើនក្នុងចំណោមប្រជាជនមានអាយុ ៦០ឆ្នាំ ឬចាស់ជាងនេះ ខណៈភាពស៊ាំរបស់ពួកគេបានធ្លាក់ចុះ បន្ទាប់ពីបានចាក់វ៉ាក់សាំងក្នុងដំណាក់កាលដំបូង ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ។ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងវីរុសកូវីត-១៩ សរុប ៥០៣,៦០៦ករណី និងមានអ្នកស្លាប់ ៤,១៣០នាក់៕
អត្ថបទ៖ ប៊ុនថន