បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល សមិទ្ធផលសួនកម្សាន្តសុវត្ថិភាពរបស់មូលនិធិ Sir Bobby Charlton នៃចក្រភាពអង់គ្លេសជូនដល់សាលាវិទ្យាល័យបរវេល។
ពិធីប្រគល់-ទទួលនេះ មានការចូលរួមពីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុបវេល ខេត្តបាត់ដំបង ជាច្រើននាក់។
ថ្លែងក្នុងពិធីប្រគល់ទទួលសមិទ្ធិផលសួនកម្សាន្ដសុវត្ថិភាពរបស់មូលនិធិ SIR BOBBY CHARLTON នៃចក្រភពអង់គ្លេសជូនសាលាវិទ្យាល័យបវេល ស្ថិតក្នុងស្រុកបវេល ខេត្ដបាត់ដំបង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល បានរំលឹកថា ក្រោយការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនបានល្អនាពេលបច្ចុប្បន្ននេះ ។
ឯកឧត្ដម បានបន្តថា ដោយសារនាពេលបច្ចុប្បន្នសម្ដេចតេជោយកចិត្ដទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស ទើបក្នុងសម័យកូវីដ១៩ សម្ដេចតេជោបានផ្ដល់ជូនអគារ ៣ជាន់មួយខ្នងដល់សាលាវិទ្យាល័យបវេល។
ក្នុងនេះផងដែរតាមរយៈលោកជំទាវ ប៊ុត រតនា មូលនិធិ SIR BOBBY CHARLTON ដែលបានមកឃើញការលំបាករបស់កម្ពុជាបានប្រមូលធនធានផ្សេងៗ នៃសមាជិកក្នុងចក្រភពអស់គ្លេស ដើម្បីមកជួយប្រទេសយើង នេះជាចំណែកមួយដែលជួយឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះលោក ហ៊ួ វុទ្ធី នាយកសាលាវិទ្យាល័យបវេលក៏បានថ្លែងថា ក្នុងបរិបទកូវីដ១៩ សាលាវិទ្យាល័យបវេល ទទួលបានសមិទ្ធផលជាច្រើនដូចជា សាងសង់ខ្លោងទ្វាថ្មី១ ចាក់បេតុងតាមបណ្ដោយរបងមុខសាលាប្រវែង ១ ១៨១ម៉ែត្រការ៉េ ក្នុងឆ្នាំ២០២០ ទទួលបានអគារសិក្សា ១ខ្នង ៣០បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសាងសង់រួចរាល់ឆ្នាំ២០២១ ហើយនៅឆ្នាំ២០១៩ ទទួលបានអគារសិក្សា ១ខ្នង ៥បន្ទប់របស់គម្រោងកែលម្អសាលារៀន ក្នុងឆ្នាំ២០២០ ទទួលបានអគារសិក្សា១ខ្នង មាន៦បន្ទប់របស់ក្រសួងអប់រំយុវជន និងកីឡា។
លោកនាយកបន្តថា ដោយឡែកតាមរយៈលោកជំទាវ ប៊ុត រតនា មូលនិធិ SIR BOBBY CHARLTONនាឆ្នាំ២០២១នេះ បានឧបត្ថម្ភសមិទ្ធផលដូចជា សួនបន្លែបៃតង រោងបណ្ដុះបន្លែ តារាងបាល់ សម្ភារៈបណ្ណាល័យ បំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍ហាត់ប្រាណសាធារណៈផងដែរ៕






