ប្រជាជនឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភានេះ បានសាទរចំពោះការវាយប្រហាររបស់ប្រទេសពួកគេ លើប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ាគីស្ថាន ក្នុងពេលមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ រវាងសត្រូវមានអាវុធនុយក្លេអ៊ែរទាំងពីរ។

ពលរដ្ឋនៅតំបន់ជេមមូ(Jammu) និងកាស្មៀរ(Kashmir) របស់ប្រទេសឥណ្ឌា ដែលបានបដិសេធមិនផ្តល់នាមត្រកូលបាននិយាយថា នេះគឺជាចំណាត់ការដ៏ល្អ ដែលប្រទេសឥណ្ឌា ផ្តល់ការឆ្លើយតបគួឲ្យសសើរ ហើយយើងសប្បាយចិត្តចំពោះការឆ្លើយតបនេះ ខណៈអ្នកផ្សេងទៀតកំពុងស្រែកពាក្យស្លោកប្រឆាំងប៉ាគីស្ថាន និងគាំទ្រដល់កងទ័ពឥណ្ឌា។

លោក Sanjay Dwivedi ដែលកូនប្រុសរបស់លោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមទៅលើអ្នកទេសចរហិណ្ឌូដែលបានសម្លាប់មនុស្ស២៦នាក់នៅតំបន់កាស្មៀរប្រទេសឥណ្ឌាកាលពីខែមុន បាននិយាយថា ការវាយប្រហារនៅថ្ងៃពុធនេះ «នឹងនាំមកនូវភាពស្ងប់សុខ» ដល់ព្រលឹងកូនប្រុសរបស់លោក។ ភាគីប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបានវាយលុកទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករនៅប្រទេសប៉ាគីស្ថានចំនួន៩កន្លែង ដែលមួយចំនួនជាប់ទាក់ទងនឹងការវាយប្រហារតំបន់ទេសចរណ៍កាលពីខែមុន។
ភាគីប្រទេសប៉ាគីស្ថាន បាននិយាយថា មីស៊ីលរបស់ប្រទេសឥណ្ឌាបានវាយប្រហារលើទីតាំងចំនួន៣កន្លែង ហើយអ្នកនាំពាក្យយោធាបានប្រាប់សារព័ត៌មានរ៉យទ័រថា យន្តហោះឥណ្ឌាចំនួនប្រាំគ្រឿង ត្រូវបានបាញ់ទម្លាក់ ជាការអះអាងដែលពុំបានបញ្ជាក់ដោយភាគីឥណ្ឌា។ ទីក្រុងអ៊ីស្លាម៉ាបាដ បានចាត់ទុកការវាយប្រហារនេះថាជា «ទង្វើសង្រ្គាមដ៏ឃោឃៅ» និងបាននិយាយថា ខ្លួនបានផ្តល់ព័ត៌មាននេះដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប៉ាគីស្ថានរក្សាសិទ្ធិក្នុងការឆ្លើយតបត្រឹមត្រូវចំពោះការឈ្លានពានពីសំណាក់ប្រទេសឥណ្ឌា។