ក្រុមហ៊ុនរថយន្ត Tesla បានបើកបង្ហាញរថយន្តម៉ូដែល Y ថ្មីរបស់ខ្លួន ដែលមានតម្លៃសមរម្យជាងមុននៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០៦ ឧសភា)។

គេហទំព័ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះបានបង្ហាញថា កំណែរថយន្តដែលបើកប្រើកង់ក្រោយថ្មីនេះ មានតម្លៃប្រហែល ៤៤.៩៩០ ដុល្លារ មុននឹងឥណទានពន្ធសហព័ន្ធ ៧.៥០០ដុល្លារ។ បន្ទាប់ពីឥណទានពន្ធ រថយន្តថ្មីនេះនឹងធ្លាក់តម្លៃនៅសល់ត្រឹមតែ ៣៧.៤៩០ដុល្លារប៉ុណ្ណោះ (តម្លៃនៅអាមេរិក)។

Tesla បានបង្កើនភាពប្រសើឡើងជាច្រើនលើម៉ូដែល Y ថ្មីនេះពីកំណែមុនៗ ដែលធ្លាប់ជាប់ជារថយន្តលក់ដាច់ជាងគេក្នុងពិភពលោកចំនួនពីរលើក។ កំណែចាស់ម៉ូដែល Y វែងរបស់ Tesla ដែលបើកប្រើកង់ទាំងអស់ នៅសហរដ្ឋអាមេរិក មិនបានឃើញការកែសម្រួលតម្លៃណាមួយទេ ហើយមានតម្លៃប្រមាណ ៤៨.៩៩០ដុល្លារ។

ការបើកបង្ហាញម៉ូដែលថ្មីនេះកើតឡើងបន្ទាប់ពីការលក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ១៣% ដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ៣ឆ្នាំរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារតែប្រតិកម្មប្រឆាំងនឹងផ្លូវនយោបាយរបស់ប្រធានក្រុមហ៊ុនគឺមហាសេដ្ឋី Elon Musk និងការកើនឡើងនៃការប្រកួតប្រជែងជាសកល៕
