ស្វាយរៀង៖ យុវជន១០ក្រុម បានត្រៀមលក្ខណៈរួចរាល់ ក្នុងការចូលរួមប្រកួត (Robot) ក្នុងកម្មវិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍ក្រោយនេះ។
សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តស្វាយរៀង នៅថ្ងៃនេះ បានរៀបចំការជួបពិភាក្សាជា មួយយុវជន ១០ក្រុម ដែលត្រៀមចូលរួមប្រកួតប្រជែង ផលិតមនុស្សយន្ត ឬហៅជាភាសារអង់គ្លេសថា រ៉ូបូត នៅក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ នេះ នៅមូលដ្ឋានទ័ពអាកាសរាជធានីភ្នំពេញ។
យុវជនដែលត្រៀមចូលរួមប្រកួតក្នុងកម្មវិធីនេះ បានប្រាប់BTVថា ការសម្រេចចិត្តចូលរួមការ ប្រកួតរ៉ូបូត គឺដោយសារការស្រលាញ់ចូលចិត្តជំនាញបច្ចេកវិទ្យា បើទោះបីការផលិតរ៉ូបូតជួបការលំបាក យ៉ាងណាក៏ដោយ ក៏មិនបោះបង់ដែរ។
ក្រៅពីនេះពួកគេបានអគុណដល់សហភាពសហព័ន្ធយុវជន កម្ពុជាប្រចាំខេត្តស្វាយរៀង ដែលបានរៀបចំការប្រកួតនេះ ដែលបានផ្តល់ឱកាសដល់យុវជន និងទទួល បានបទពិសោធន៍ជាច្រើនពីបច្ចេកវិទ្យា។
លោក ហែម សុធីរិទ្ធ ប្រធានក្រុមប្រកួតរ៉ូបូត បានឲ្យដឹងដែរថា មុនចូលរួមប្រកួត ក្រុមការងារ បាន បង្ហាត់បង្ហាញដល់ក្រុមយុវជនទាំងនេះអំពីរបៀបធ្វើរ៉ូបូត និងលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ហើយយុវជនដែលចូលរួមប្រកួត គឺមានសមត្ថភាពផ្សេងៗពីគ្នា។
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា-ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ នៅឆ្នាំ២០២១នេះ គឺជាឆ្នាំទី៣ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តស្វាយរៀង បានរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា៕
អត្ថបទ៖ ទូច សោភ័ណ






