ក្លឹបបាល់ទាត់ Inter Milan បានកក់វគ្គផ្ដាច់ព្រ័តជើងឯកក្លឹបកំពូលអឺរ៉ុប ២០២៤/២០២៥ UEFA Champion League លើកទីពីរក្នុងរយៈពេលបីរដូវកាលចុងក្រោយ បន្ទាប់ពីជ័យជំនះលើ Barcelona ៤-៣ ក្នុងវគ្គពាក់កណ្ដាលជើងទី២ នៅSan Siro អ៊ីតាលី។
ការប្រកួតដែលល្អមើលគ្មានពេលសម្រាក ការប្រកួតដែលគ្មានអ្នកណាចង់ឱ្យចប់ ក្រុមទាំងពីរមានយុទ្ធសាស្រ្តលេងប្រយុទ្ធដូចគ្នាដើម្បីរកគ្រាប់បាល់ មិនចង់អូសបន្លាយដល់វគ្គ ១១ ម៉ែត្រកាត់សេចក្តី។
៤៥ នាទីដំបូង Inter Milan នាំមុខពីរគ្រាប់មុនដោយខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez នាទីទី ២១ និងបាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Hakan Calhanoglu នាទីទី៤៥+១។
លេងវគ្គទីពីរបាន ១៥ នាទី Barcelona វាយបកបានពីរគ្រាប់វិញដោយកីឡាករ Eric Garcia និង Dani Olmo មុនពេលដែលនាទីទី៨៨ កីឡាករប្រេស៊ីល Raphinha ទាត់បញ្ចូលទីឱ្យក្លិបអ្នកមានបុណ្យ Barcelona នាំមុខវិញលើកដំបូង និងគួរតែជាគ្រាប់បាល់ជ័យជំនះទៅហើយ។
ប៉ុន្តែក្នុងនាទីទី ៩០+៣ ក្រុមម្ចាស់ផ្ទះ Inter Milan ក៏តាមស្មើវិញដោយ Francesco Acerbi ខណៈចប់៩០នាទី ក្រុមទាំងពីរស្មើគ្នា ៣-៣ និងសរុបទាំងពីរជើងស្មើគ្នា ៦-៦ គេចមិនផុតពីម៉ោងបន្ថែម ១៥ នាទីពីរដង។
ជាពេលវេលារបស់ Inter Milan កីឡាករបម្រុង Davide Frasetti គឺជាអ្នកសម្រេចគ្រាប់បាល់ជ័យជំនះនៅនាទីទី ៩៩ នៃម៉ោងបន្ថែមឱ្យ Inter Milan ឈ្នះការប្រកួតជើងទីពីរនេះ ៤-៣ សរុបទាំងពីរជើង ៧-៦។
ជ័យជំនះនេះមានន័យថា Inter Milan បន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រ Champions League លើកទីពីរក្នុងរយៈពេលបីរដូវកាលចុងក្រោយ បន្ទាប់ពីឡើងវគ្គផ្តាច់ព្រ័ត្រចុងក្រោយឆ្នាំ ២០២៣ ចាញ់ Manchester City។
Inter Milan កំពុងស្វែងជើងឯកអឺរ៉ុបលើកទីបួនរបស់ពួកគេ បន្ទាប់ពីធ្លាប់បីលើកនៅឆ្នាំ ១៩៦៤ ១៩៦៥ និងចុងក្រោយបំផុតនៅឆ្នាំ ២០១០ យកឈ្នះ Bayern Munich ក្រោមការដឹកនាំរបស់ Jose Mourinho នៅពេលនោះ។
វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Allianz Arena ទីក្រុងមូនីចប្រទេសអាល្លឺម៉ង់ថ្ងៃទី ៣១ ខែឧសភានេះ ខណៈ Inter Milan រង់ចាំអ្នកឈ្នះរវាង Paris Saint Germain រឺ Arsenal ដែលជួបគ្នាជើងទីពីរយប់នេះ៕
អត្ថបទ៖នាង សុភាវុធ