ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី៦ ខែឧសភា) បាននិយាយថា ចំណាប់ថ្នូរ ៣នាក់ទៀត ដែលស្ថិតក្រោមការឃុំខ្លួនរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បានស្លាប់ ដោយនាំឲ្យចំនួនអ្នកនៅមានជីវិត គឺ ២១នាក់។
លោក Trump បាននិយាយថា មានចំណាប់ថ្នូរ ២៤នាក់នៅរស់ នៅពេលដែលលោកបានទទួលដំណើរទស្សនកិច្ច នាពេលថ្មីៗនេះ ដោយអតីតចំណាប់ថ្នូរអ៊ីស្រាអែល ប៉ុន្តែ «គិតត្រឹមថ្ងៃនេះ អ្នកនៅមានជីវិត គឺ ២១នាក់ ដោយ ៣នាក់ បានស្លាប់»។

លោកប្រធានាធិបតី បាននិយាយនៅឯពិធីស្បថចូលកាន់តំណែងនៅសេតវិមាន សម្រាប់បេសកជនមជ្ឈិមបូព៌ាលោក Steve Witkoff ថា៖ «មានមនុស្ស ២១នាក់ បូកជាមួយនឹងសពជាច្រើន»។ តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីឡើយ។
លោក Trump បានបញ្ជាក់បន្ថែមថា៖ «យើងចង់ព្យាយាម និងជួយសង្គ្រោះចំណាប់ថ្នូរឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នេះគឺជាស្ថានភាពដ៏គួរខ្លាចខ្លាំងណាស់»។
យោធាអ៊ីស្រាអែល នៅក្នុងការផ្ដល់បច្ចុប្បន្នភាពរបស់ខ្លួន បានឲ្យដឹងថា ក្នុងចំណោមមនុស្ស ២៥១នាក់ដែលត្រូវបានចាប់ដោយក្រុមសកម្មប្រយុទ្ធ កាលពីខែតុលា ឆ្នាំ២០២៣ ចំនួន ៥៨នាក់ នៅតែត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា ក្នុងនោះមាន ៣៤នាក់ ត្រូវបានគេជឿថា ស្លាប់៕

