រុស្ស៊ី និងអ៊ុយក្រែន បានបើកការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់លើរដ្ឋធានីរបស់គ្នាទៅវិញទៅមក នាថ្ងៃពុធ (ទី៧ ខែឧសភា) នេះ ដោយហ្វូងយានដ្រូនរបស់អ៊ុយក្រែនត្រូវបានបំផ្លាញនៅពេលចូលទៅកៀកទីក្រុងមូស្គូ ហើយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បានបង្កឲ្យមានអគ្គិភ័យ នៅក្នុងផ្ទះល្វែងជាច្រើនខ្នង ក្នុងទីក្រុងគីវ។
ប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីលទៅកាន់រដ្ឋធានីអ៊ុយក្រែន រដ្ឋបាលយោធាអ៊ុយក្រែន បានឲ្យដឹងនៅលើបណ្ដាញសង្គមថា ការធ្លាក់កម្ទេចកម្ទីពីយានដ្រូនបានបង្កឲ្យមានអគ្គិភ័យ នៅក្នុងផ្ទះល្វែង និងអគារ នៅទូទាំងសង្កាត់ចំនួន ៣ នៃទីក្រុងគីវ។

អភិបាលក្រុងគីវ លោក Vitali Klitschko បានឲ្យដឹងតាមកម្មវិធីផ្ញើសារ Telegram ថា មនុស្សសរុប ៦នាក់បានរងរបួស នៅក្នុងការវាយប្រហារពេញមួយយប់។ អាកាសយានដ្ឋានសំខាន់ៗរបស់ទីក្រុងមូស្គូ នៅតែមិនដំណើរការអស់រយៈពេលជាច្រើនយប់ បន្ទាប់ពីអភិបាលក្រុង លោក Sergei Sobyanin បាននិយាយថា អង្គភាពការពារដែនអាកាសរុស្ស៊ី បានបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនយ៉ាងហោចណាស់ ១៤គ្រឿង ក្រោយម៉ោង ១០យប់ (ម៉ោងក្នុងស្រុក) ថ្ងៃទី៦ ខែឧសភា ដោយមិនមានរបាយការណ៍ខូចខាតនោះឡើយ។
ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើទីក្រុងមូស្គូដែលជាយប់ទី៣ ជាប់ៗគ្នា បានកើតឡើង ក្នុងពេលដែលរដ្ឋធានីរុស្ស៊ី បានត្រៀមខ្លួនសម្រាប់ថ្ងៃឈប់សម្រាកដ៏យូរនៅចុងសប្តាហ៍ និងព្យុហយាត្រា នៅថ្ងៃទី៩ ខែឧសភា ដើម្បីប្រារព្ធខួបលើកទី ៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្ត អំឡុងសង្គ្រាមលោកលើកទី២។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលនឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្រទេសជាច្រើន នៅឯពិធីព្យុហយាត្រា ក្នុងនោះរួមមានទាំងវត្តមានរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ផងដែរ បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅថ្ងៃទី ៨-១០ ខែឧសភា នៅក្នុងសង្រ្គាមដែលទីក្រុងមូស្គូបានចាប់ផ្តើមធ្វើឡើងលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕


