មន្ត្រីអាមេរិក ៣រូប កាលពីថ្ងៃអង្គារ (ទី៦ ខែឧសភា) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងនិរទេសជនអន្តោប្រវេសន៍ទៅប្រទេសលីប៊ីជាលើកដំបូង ក្នុងសប្តាហ៍នេះ បើទោះបីជាមានការថ្កោលទោសកាលពីអតីតរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការអនុវត្តសិទ្ធិមនុស្ស និងការធ្វើបាបអ្នកជាប់ឃុំយ៉ាងធ្ងន់ធ្ងររបស់ប្រទេសនេះក៏ដោយ ។
មន្ត្រី ២នាក់បាននិយាយថា យោធាអាមេរិកអាចដឹកជនអន្តោប្រវេសន៍ទៅកាន់ប្រទេសអាហ្រ្វិកខាងជើងយ៉ាងឆាប់ នៅថ្ងៃទី៧ ខែឧសភា ប៉ុន្តែបានសង្កត់ធ្ងន់ថា ផែនការនៅតែអាចផ្លាស់ប្តូរបាន។ មន្ទីរបញ្ចកោណបានផ្ទេរសំណួរទៅកាន់សេតវិមាន នៅពេលសុំការពន្យល់។

សេតវិមាន ក្រសួងការបរទេស និងក្រសួងសន្តិសុខមាតុភូមិ (DHS) ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សារព័ត៌មាន Reuters មិនអាចកំណត់បានថា តើជនអន្តោប្រវេសន៍ប៉ុន្មាននាក់ នឹងត្រូវបញ្ជូនទៅកាន់លីប៊ី ឬសញ្ជាតិរបស់ពួកគេ ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងសម្លឹងដល់ការនិរទេសនេះ។
ក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ខ្លួនដែលបានចេញផ្សាយនៅឆ្នាំ២០២៤ ក្រសួងការបរទេសអាមេរិក បានរិះគន់ «លក្ខខណ្ឌពន្ធនាគារដ៏ឃោរឃៅ និងការគំរាមកំហែងដល់អាយុជីវិត» និង «ការចាប់ខ្លួន ឬការឃុំឃាំងដោយបំពាន» របស់លីប៊ី។ លោក Trump ដែលជាមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋ បានចូលកាន់តំណែងកាលពីខែមករា ដោយសន្យាថា នឹងនិរទេសមនុស្សរាប់លាននាក់។ ហើយបើយោងតាម DHS បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែឧសភា រដ្ឋបាលលោក Trump បាននិរទេសមនុស្ស ១៥២.០០០នាក់៕
