អ្នកស្រុករស់នៅក្នុងទីក្រុង Muzaffarabad រដ្ឋធានីនៃតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន និយាយថា ពួកគេបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងនាំគ្នារត់ឡើងលើភ្នំនៅជុំវិញ ពេលដែលឥណ្ឌា បើកការវាយប្រហារតាមច្រកអាកាសនៅព្រឹកទាបភ្លឺថ្ងៃពុធនេះ ។

ពួកគេនិយាយថា ឧបករណ៍បំពងសំឡេងព្រះវិហារ បាននិយាយប្រាប់ប្រជាពលរដ្ឋឲ្យស្វែងរកទីជម្រក ពេលដែលព្រះធរណីរង្គើរញាប់ញ័រ ហើយសំឡេងផ្ទុះបានបន្លឺឡើង ។
លោក Muhammad Shair Mir គឺជាអ្នកស្រុកវ័យ ៤៦ឆ្នាំមួយរូប បាននិយាយរៀបរាប់ពីហេតុការណ៍កើតឡើងនៅព្រឹកទាបភ្លឺនេះ ដោយលោកបញ្ជាក់ថា ពួកយើងបានរត់ចេញក្រៅទាំងព្រលឹងចុងសក់ ។
លោកបន្តថា ក្រោយមកការផ្ទុះមួយទៀតក៏បានកើតឡើង អ្នករាល់គ្នាពិតជាខ្លាចខ្លាំងណាស់ ពួកយើងបានជម្លៀសខ្លួន នាំកូនៗរបស់ពួកយើងរត់ឡើងលើភ្នំ ។
មនុស្សជាច្រើននាក់ បានជួបជុំគ្នា ក្រោយពេលថ្ងៃរះ នៅជិតព្រះវិហាររងការវាយប្រហារ ដែលដំបូលវិហារបាក់រលំ ហើយប៉មវិហារក៏ត្រូវបានបំផ្លាញ ។ កងកម្លាំងសន្តិសុខ បានបិទតំបន់នោះផងដែរ ។
សូមបញ្ជាក់ថា ជនស៊ីវិល ២៦នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់ឥណ្ឌា និងមនុស្ស៤៦នាក់ទៀតបានរងរបួស ខណៈដែលប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន៥គ្រឿង ៕
