ក្រសួងសេដ្ឋកិច្ចស្លូវ៉ាគី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ផែនការរបស់គណៈកម្មការអឺរ៉ុប ក្នុងការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ប្រេង និងឥន្ធនៈនុយក្លេអ៊ែរពីរុស្ស៊ី គឺមិនស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសស្លូវ៉ាគី ហើយក៏មិនមែនជាប្រយោជន៍របស់ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ផ្សេងទៀតដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួង ប្រទេសស្លូវ៉ាគី នឹងមិនយល់ព្រមចំពោះផែនការនេះទេ។
គណៈកម្មការអឺរ៉ុបកាលពីថ្ងៃអង្គារ បានបង្ហាញផែនទីបង្ហាញផ្លូវថ្មីមួយ ដើម្បីបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុប លើឧស្ម័នរុស្ស៊ីនៅឆ្នាំ ២០២៧។ ផែនទីផ្លូវ REPowerEU បានដាក់ចេញផែនការជាដំណាក់កាល និងសម្របសម្រួល ដើម្បីបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិ ប្រេង និងសារធាតុនុយក្លេអ៊ែររបស់រុស្ស៊ី នៅទូទាំងប្លុក ដែលមានសមាជិកចំនួន ២៧ប្រទេស។ នេះបើយោងតាមគណៈកម្មការនេះ។
នៅក្រោមសំណើនេះ សហភាពអឺរ៉ុបនឹងបញ្ឈប់ភ្លាមៗនូវការចុះហត្ថលេខាលើកិច្ចសន្យាថ្មីសម្រាប់ឧស្ម័ន រុស្ស៊ី និងបញ្ចប់កិច្ចព្រមព្រៀងទីផ្សារ ដែលមានស្រាប់ទាំងអស់ នៅចុងឆ្នាំ ២០២៥។ ការនាំចូលឧស្ម័នរុស្ស៊ីដែលនៅសល់ទាំងអស់ នឹងត្រូវបញ្ចប់ នៅដំណាច់ឆ្នាំ ២០២៧។
ក្រសួងសេដ្ឋកិច្ចស្លូវ៉ាគី បាននិយាយថា ការសម្រេចនេះ នឹងជះឥទ្ធិពលអវិជ្ជមានទៅលើតម្លៃថាមពល នៅអឺរ៉ុប ដែលធ្វើឲ្យការប្រកួតប្រជែងរបស់ឧស្សាហកម្មអ៊ឺរ៉ុប កាន់តែអាក្រក់ឡើងៗ។
