អ្នកដំណើរនៅអាកាសយានដ្ឋាន Jinnah ស្ថិតក្នុងទីក្រុងការ៉ាឈី បានជាប់ខ្លួននៅក្រៅចំណតចាកចេញនាថ្ងៃពុធនេះ ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍លុបចោលជើងហោះហើរចេញពីប្រទេសប៉ាគីស្ថាន ស្របពេលមានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតជាមួយឥណ្ឌា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
អ្នកដំណើររងផលប៉ះពាល់ម្នាក់ និយាយថា បញ្ហារបស់លោកនៅត្រង់ថា លោកបានមកអាកាសយានដ្ឋានមួយនេះ ហើយជើងហោះហើរទាំអអស់ត្រូវបានលុបចោល វាពិតជាអាក្រក់ខ្លាំងណាស់ ហើយលោកមិនដឹងថាតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់នោះទេ ។ អ្នកដំណើរត្រូវបានគេមើលឃើញអង្គុយជាមួយអីវ៉ាន់របស់ពួកគេនៅលើចិញ្ចើមផ្លូវក្រៅអាកាយានដ្ឋាន ។

នៅថ្ងៃពុធនេះ ឥណ្ឌា បានវាយប្រហារប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន ហើយប៉ាគីស្ថាន និយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំង ៥គ្រឿងរបស់ឥណ្ឌា នៅក្នុងការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតនារយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ រវាងប្រទេសបច្ចាមិត្តប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ ។
ឥណ្ឌានិយាយថា ពួកគេបានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករប៉ាគីស្ថានចំនួន ៩កន្លែង ក្នុងនោះទីតាំងមួយចំនួនពាក់ព័ន្ធនឹងការវាយប្រហារដោយក្រុមជីវពលអ៊ិស្លាមលើភ្ញៀវទេសចរហិណ្ឌូដែលបានសម្លាប់មនុស្ស ២៦នាក់នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីខែមុន ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងអ៊ីស្លាម៉ាបាដ និយាយថា ទីតាំង ៦កន្លែងរបស់ប៉ាកីស្ថាន បានក្លាយជាគោលដៅវាយប្រហារ ដែលគ្មានទីតាំងណាមួយជាជំរំរបស់ក្រុមជីវពលនោះឡើយ ។
ខណៈពេលនោះដែរ អ្នកនាំពាក្យយោធាប៉ាគីស្ថាន និយាយថា ជនស៊ីវិល ២៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤៦នាក់ផ្សេងទៀត បានរងរបួស ៕
