អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ការដាក់សម្ពាធរបស់អ្នកស្នងតំណែងលោក គឺលោក Donald Trump ទៅលើប្រទេសអ៊ុយក្រែន ដើម្បីឲ្យលះបង់ដែនដីទៅឲ្យរុស្ស៊ី គឺជាទម្រង់នៃ «ការចុះញ៉មសម័យទំនើប» ដែលនឹងមិនអាចបំពេញចិត្តទីក្រុងមូស្គូបាននោះឡើយ។

អំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ BBC នៅថ្ងៃពុធ (ទី៧ ខែឧសភា) នេះ លោក Biden បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជឿថា អ៊ុយក្រែន គឺជាផ្នែកមួយនៃ «ប្រទេសរុស្ស៊ី» ហើយ «អ្នកណាដែលគិតថា គាត់ (លោក Putin) នឹងឈប់ គឺគ្រាន់តែជាការយល់ច្រឡំយ៉ាងធំប៉ុណ្ណោះ»។
លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា៖ «ខ្ញុំគ្រាន់តែមិនយល់ពីរបៀបដែលមានអ្នកគិតថា ប្រសិនបើយើងអនុញ្ញាតឲ្យបុគ្គលមិនគោរពច្បាប់ណាម្នាក់សម្រេចថា រូបគេនឹងយកចំណែកដ៏ធំៗដែលមិនមែនជារបស់ខ្លួននោះ វានឹងធ្វើឲ្យអ្នកនោះពេញចិត្ត។ ខ្ញុំមិនយល់ទាល់តែសោះ»។
ជាមួយគ្នានេះ លោក Biden ក៏បានសម្តែងក្ដីបារម្ភ ដែលថា «អឺរ៉ុបនឹងបាត់បង់ទំនុកចិត្តលើភាពប្រាកដប្រជារបស់អាមេរិក និងការដឹកនាំរបស់អាមេរិក»។ លោកបានបញ្ជាក់បន្ថែមថា បណ្ដាមេដឹកនាំអឺរ៉ុបកំពុងមានមន្ទិលសង្ស័យថា តើពួកគេត្រូវធ្វើអ្វីឥឡូវនេះ? តើពួកគេអាចពឹងលើសហរដ្ឋអាមេរិកបានទៀតទេ? តើសហរដ្ឋអាមេរិកមានវត្តមានទេ ពេលមានបញ្ហា?៕
