វីដេអូថតដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃពុធនេះ ឃើញកម្ទេចកម្ទីដែករាយប៉ាយនៅលើដីក្នុងភូមិ Wuyan ស្ថិតនៅស្រុក Pulwama ប្រទេសឥណ្ឌា ក្រោយយន្តហោះចម្បាំងធ្លាក់នៅដែនដីចាមមូ និងកាស្មៀររបស់ប្រទេសឥណ្ឌា នាព្រឹកទាបភ្លឺថ្ងៃពុធនេះ ។

ឥណ្ឌា បានវាយប្រហារប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន ហើយប៉ាគីស្ថាន និយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំង ៥គ្រឿងរបស់ឥណ្ឌា នៅក្នុងការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតនារយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ រវាងប្រទេសបច្ចាមិត្តប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ ។
អ្នកនាំពាក្យយោធាប៉ាគីស្ថាន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យន្តហោះចម្បាំងឥណ្ឌា ៥គ្រឿង ត្រូវបានបាញ់ទម្លាក់ គឺជាអំណះអំណាងមួយដែលពុំត្រូវបានបញ្ជាក់នោះទេដោយឥណ្ឌា ។
ឥណ្ឌានិយាយថា ពួកគេបានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករប៉ាគីស្ថានចំនួន ៩កន្លែង ក្នុងនោះទីតាំងមួយចំនួនពាក់ព័ន្ធនឹងការវាយប្រហារដោយក្រុមជីវពលអ៊ិស្លាមលើភ្ញៀវទេសចរហិណ្ឌូដែលបានសម្លាប់មនុស្ស ២៦នាក់នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីខែមុន ។
ខណៈពេលនោះដែរ ប្រភពសន្តិសុខប៉ាគីស្ថាននិយាយប្រាប់ CNNថា ការផ្លោងគ្រាប់កាំភ្លើងធំឥណ្ឌា ត្រូវចំសំណង់ទប់ទឹកលើទំនប់ Noseri ស្ថិតក្នុងទន្លេ Neelum នៅតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន ។
ប្រភពដដែលបន្តថា ទំនប់ Noseri បានក្លាយជាគោលដៅវាយប្រហាររបស់ឥណ្ឌានៅវេលាម៉ោង ២យប់រលងអាធ្រាត្រឈានចូលព្រឹកថ្ងៃពុធនេះ ជាហេតុធ្វើឲ្យខូចខាតច្រកទំនប់ទឹក ៕
