ប្រធានអាកាសយានដ្ឋាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយហ៊ួទីនៅថ្ងៃពុធនេះ ការវាយប្រហាររបស់អ៊ីស្រាអែលលើព្រលានយន្តហោះ ក្នុងរដ្ឋធានី Sanaa ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានបំផ្លាញអគារចំណតយន្តហោះ និងបានបង្កការខូចខាតគិតជាទឹកប្រាក់ចំនួន ៥០០ លានដុល្លារអាមេរិក។
នៅមុននេះបន្តិច លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ថា អាកាសយានដ្ឋាននេះ កំពុងផ្អាកជើងហោះហើរទាំងអស់ រហូតដល់មានការជូនដំណឹងបន្ថែម បន្ទាប់ពីមាន «ការខូចខាតធ្ងន់ធ្ងរ» ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។

ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីមីស៊ីលរបស់ក្រុមហ៊ួទី បានបាញ់ប្រហារចូលរណ្ដៅមួយក្បែរ ព្រលានយន្តហោះ Ben Gurion ក្នុងក្រុងតែលអាវីវ (Tel Aviv) កាលពីថ្ងៃអាទិត្យ។
អគ្គនាយកនៃអាកាសយានដ្ឋានលោក Khaled alShaief បានប្រាប់ទូរទស្សន៍ Al-Masirahថា ៖«ការខាតបង់ប្រហែល ៥០០លានដុល្លារ ត្រូវបានបង្កឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើព្រលានយន្តហោះ Sanaa»។
