អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកមានការព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងភាពតានតឹងបន្ថែមទៀតរវាងឥណ្ឌា និងប៉ាគីស្ថាន ។
លោក Yoshimasa Hayashi គឺជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា ពួកយើងពិតជាមានក្តីកង្វល់ជាខ្លាំងថា ឧបទ្ទេវហេតុនេះអាចនឹងនាំឲ្យមានការសងសឹក និងអាចប្រែក្លាយជាជម្លោះយោធាពេញបន្ទុក ។

ខណៈពេលនោះដែរ ចិនបានអំពាវនាវឲ្យឥណ្ឌា និងប៉ាគីស្ថាន បន្តអត់ធ្មត់ រក្សាសន្តិភាព និងស្ថិរភាពជារឿងសំខាន់ ជាការឆ្លើយតបចំពោះភាពតានតឹងយោធាឡើងកម្តៅ រវាងប្រទេសនៅអាស៊ីខាងត្បូងទាំង ២ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចិនកំពុងតាមដានយ៉ាងដិតដល់ចំពោះដំណើរវិវត្តន៍ចុងក្រោយនៅក្នុងភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន និងបានណែនាំឲ្យប្រជាពលរដ្ឋចិនចៀសវាងការធ្វើដំណើរទៅកាន់តំបន់ជិតទីតាំងជម្លោះ ។
ឥណ្ឌា និយាយថា ពួកគេបានវាយប្រហារប៉ាគីស្ថាននៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីការវាយប្រហារសម្លាប់ភ្ញៀវទេសចរ ២៦នាក់ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីខែមេសា ។
ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២ ធ្លាប់ធ្វើសង្រ្គាម ២លើក ចាប់តាំងពីទទួលបានឯករាជ្យពីអាណានិគមអង់គ្លេសកាលពីឆ្នាំ ១៩៤៧ ពាក់ព័ន្ធនឹងតំបន់កាស្មៀរដែលភាគច្រើនជាជនមូស្លីម ៕
