ឥណ្ឌានិយាយនៅថ្ងៃពុធនេះថា ការវាយប្រហាររបស់ខ្លួនលើប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន មានគោលរារាំង និងការពារកុំឲ្យមានការវាយប្រហារឆ្លងព្រំដែនបន្ថែមទៀត បន្ទាប់ពីការសម្លាប់ភ្ញៀវទេសចហិណ្ឌូនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីខែមុន ។
រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Vikram Misri និយាយប្រាប់សន្និសីទសារព័ត៌មានថា ក្រុមចារកម្មរបស់ពួកយើងដែលតាមដានអង្គភាពភេរវកម្មមានមូលដ្ឋាននៅប៉ាគីស្ថាន បង្ហាញថា ការវាយប្រហារបន្ថែមទៀតប្រឆាំងឥណ្ឌា ជិតកើតមានឡើង ដូច្នេះហើយវាចំាបាច់ក្នុងការវាយប្រហារមុន និងជាការប្រុងប្រយ័ត្នទុកជាមុន ។

លោក Misri បន្តថា បើទោះបីជារយៈពេល ២សប្តាហ៍កន្លងផុតទៅពិតមែន ចាប់តាំងពីការវាយប្រហារសម្លាប់ភ្ញៀវទេសចរ គ្មានជំហានពីប៉ាគីស្ថាននោះទេ ដើម្បីចាត់វិធានការប្រឆាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅដែនដីរបស់ពួកគេ ឬដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ។
ឥណ្ឌានិយាយមុននេះថា មនុស្ស ២នាក់ ក្នុងចំណោមជនសង្ស័យ ៣នាក់នៅក្នុងការវាយប្រហារលើភ្ញៀវទេសចរហិណ្ឌូ កាលពីខែមុន គឺជាជនជាតិប៉ាគីស្ថាន ប៉ុន្តែពួកគេពុំបានលម្អិតភ័ស្តុតាងណាមួយនោះទេ ។ ប៉ាគីស្ថានបានច្រានចោលថា ពួកគេគ្មានការរួមចំណែកណាមួយនៅក្នុងការវាយប្រហារសម្លាប់មនុស្សមួយនេះឡើយ ។
ខណៈពេលនោះដែរ អ្នកនាំពាក្យយោធាប៉ាគីស្ថាន និយាយថា ជនស៊ីវិល ២៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤៦នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់ឥណ្ឌា នៅព្រឹកថ្ងៃពុធនេះ ៕
