ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកចង់ធ្វើការជាមួយសមភាគីទួរគីំ លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។
លោកបានសរសេរនៅលើប្រព័ន្ធផ្សាយ Truth Social បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំទួរគីថា៖«ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយលោកប្រធានាធិបតី អឺដូហ្កាន់ ទៅលើរឿងគួរឲ្យអស់សំណើចនេះ ប៉ុន្តែក៏ជារឿងស្លាប់រស់ដែរ គឺធ្វើយ៉ាងណាឲ្យសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានបញ្ចប់ ឥឡូវនេះ!»។

យោងតាមការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ លោកប្រធានាធិបតីទាំងពីររូប បានពិភាក្សាអំពីអ៊ុយក្រែន ស៊ីរី និងតំបន់ហ្កាហ្សា ហើយបានយល់ព្រមផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។
ការិយាល័យរបស់លោក អឹដូហ្កាន់ (Erdogan) បាននិយាយនៅមុននេះថា ក្នុងអំឡុងកិច្ចពិភាក្សា លោកបានបង្ហាញពីចេតនា ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងវិស័យជាច្រើន ជាពិសេសនៅក្នុងឧស្សាហកម្មការពារជាតិ។ លោកក៏បាននិយាយផងដែរថា ទីក្រុងអង់ការ៉ា កោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការជួបពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់។
