យេម៉ែន៖ កងកម្លាំងចម្រុះប្រទេសយេម៉ែនគាំទ្រដោយប្រទេសអារ៉ាប់រួមបានអះអាងថា ពួកគេដណ្តើមបានមូលដ្ឋានក្នុងអំឡុងពេលប្រយុទ្ធជាមួយក្រុមឧទ្ទាមហួធីនៅក្នុងស្រុក Maqbna ភាគពាយព្យទីក្រុង Taiz។ ប្រព័ន្ធផ្សព្វផ្សាយយោធាបានរាយការណ៍ថា កងកម្លាំងបានរឹតបន្តឹង ការគ្រប់គ្រងរបស់ពួកគេលើតំបន់ជួរភ្នំ និងដណ្តើមបានតំបន់ដែលគ្រប់គ្រងដោយក្រុមហួធី។

អង្គការសហប្រជាជាតិបាននិយាយថា ការប្រយុទ្ធគ្នារវាងកងទ័ពដែលស្មោះត្រង់ទៅនឹងរដ្ឋាភិបាល ដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេម៉ែន ជាមួយក្រុមឧទ្ទាមហួធី គាំទ្រដោយប្រទេសអ៊ីរ៉ង់ បានធ្វើឲ្យប្រជាជន ជាង ២៥,០០០នាក់ ផ្លាស់ទីលំនៅ នៅជុំវិញទីក្រុងកំពង់ផែសំខាន់ មួយកាល ពីខែមុន។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌បាននិយាយថា ការប្រយុទ្ធគ្នានៅទីក្រុង Hodeida បានផ្ទុះឡើងនៅពេលដែលក្រុមឧទ្ទាមបាន ប្រញាប់ប្រញាលចូលទៅក្នុងតំបន់ ដែល បោះបង់ចោលដោយកងកម្លាំងរដ្ឋាភិបាល បន្ទាប់មកមានការវាយប្រហាដោយទាហានគាំទ្ររដ្ឋា ភិបាលដែលគាំទ្រដោយប្រទេសអារ៉ាប់រួម។
ជម្លោះក្នុងប្រទេសយេម៉ែនបានចាប់ផ្ដើមក្នុងឆ្នាំ ២០១៤ នៅពេលដែលក្រុមឧទ្ទាមហួធី ចូលដណ្តើម កាន់កាប់រដ្ឋធានីសាណា។ ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានចូលមកក្នុងសង្គ្រាម នៅឆ្នាំបន្ទាប់ដើម្បីព្យាយាមស្ដាររដ្ឋាភិបាលឡើងវិញ។ ប្រទេស អារ៉ាប់រួមគឺជាដៃគូដ៏សំខាន់នៅក្នុង ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។ ការប្រយុទ្ធគ្នានាពេលថ្មីៗនេះនៅទីក្រុង Hodeida មានភាពខ្លាំងក្លាបំផុត ចាប់តាំងពីបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការ សហប្រជាជាតិ ក្នុងខែធ្នូ ឆ្នាំ 2018 ទោះបីជាកិច្ចព្រមព្រៀងនោះ មិនត្រូវបានអនុវត្តពេញលេញក៏ដោយ៕
អត្ថបទ៖ ប៊ុនថន