មេបញ្ជាការទ័ពអាកាសលោកស្រី Vyomika Singh បាននិយាយនៅក្នុងសន្និសីទមួយថា កងកម្លាំងប្រដាប់អាវុធឥណ្ឌា បានវាយប្រហារគោលដៅនៅលើទឹកដីនៃប្រទេសប៉ាគីស្ថាន ដែលត្រូវបានជ្រើសរើសដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ដែលអាចទុកចិត្តបាន។

លោកស្រី បាននិយាយថា៖«កិច្ចប្រតិបត្តិការ Sindoor គឺផ្អែកលើព័ត៌មានចារកម្មដែលអាចជឿទុកចិត្តបាន និងការបញ្ជាក់អំពីតួនាទីនៃគោលដៅទាំងនេះ ក្នុងការអនុវត្តសកម្មភាពភេរវកម្ម។ ទីតាំងត្រូវបានជ្រើសរើស ដើម្បីជៀសវាងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិល ដែលបាត់បង់ជីវិត។ ប្រតិបត្តិការនេះ ត្រូវបានធ្វើដោយមានការប្រុងប្រយ័ត្នបំផផុត »។
យោងតាមលោកស្រី Singh ការជ្រើសរើសអាវុធយ៉ាងជាក់លាក់សម្រាប់ការវាយប្រហារ «ធានាថា មិនបង្កឲ្យមានការខូចខាតដោយចេតនា ឬដោចៃដន្យទេ»។ លោកស្រី បានចង្អុលបង្ហាញថា៖«គោលដៅគឺជាអគារជាក់លាក់មួយ ឬជាក្រុមនៃអគារ។ គោលដៅទាំងអស់ ត្រូវបានកម្ទេចដោយជោគជ័យ ដោយបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវជំនាញរបស់កងកម្លាំងប្រដាប់អាវុធឥណ្ឌា ក្នុងការធ្វើប្រតិបត្តិការដ៏ស្មុកស្មាញ។ គ្មានកន្លែងយោធាណាមួយ ត្រូវបានកំណត់គោលដៅនោះទេ»។
ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា កងកម្លាំងរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការ Sindoor កាលពីល្ងាចថ្ងៃទី ០៦ ខែឧសភា ហើយបានវាយប្រហារទៅលើគោលដៅចំនួន ៩ នៅក្នុងប្រទេសប៉ាគីស្ថាន។ សេចក្តីថ្លែងការណ៍ បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅទីតាំង «ពីកន្លែងដែលការវាយប្រហារភេរវករប្រឆាំងនឹងឥណ្ឌា កំពុងត្រូវបានគ្រោងទុក និងដឹកនាំ»។ យោងតាមក្រសួង «ជំហានទាំងនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃនៅតំបន់ភ្នំ Pahalgam ដែលក្នុងនោះពលរដ្ឋឥណ្ឌា ២៥នាក់ និងជនជាតិនេប៉ាល់ម្នាក់ ត្រូវបានសម្លាប់»។
