ប៉ាគីស្ថានទទួលស្គាល់តួនាទីដ៏សំខាន់របស់រុស្ស៊ី ក្នុងការបន្ថយភាពតានតឹង ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា ប្រធានាធិបតីប៉ាគីស្ថានលោក Asif Ali Zardari បាននិយាយនៅក្នុងពិធីជប់លៀង នៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងឱកាសខួបលើកទី ៨០ នៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យឆ្នាំ ១៩៤១-១៩៤៥ ឬរណសិរ្សបូព៌ាក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ដែលអតីតសូវវៀតបានប្រយុទ្ធប្រឆាំងនឹងណាហ្ស៊ីនិយមអាល្លឺម៉ង់។
លោកបាននិយាយថា៖«នៅក្នុងបរិបទនៃការបង្កើនភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌា រុស្ស៊ីអាច និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយស្ថានភាពនាពេលបច្ចុប្បន្ន»។ "ប៉ាគីស្ថានចាត់ទុករុស្ស៊ីជាមហាអំណាចពិភពលោកដ៏សំខាន់ ដែលជាតួអង្គដ៏ចំាបាច់ ក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយមុននេះថា រុស្ស៊ីមានការព្រួយបារម្ភចំពោះការកើនឡើងភាពតានតឹងនាពេលបច្ចុប្បន្នរវាងឥណ្ឌា និងប៉ាគីស្ថាន។ ទីក្រុងមូស្គូ គឺជា «អ្នកគាំទ្រយ៉ាងជាប់លាប់នៃការធ្វើឲ្យទំនាក់ទំនងមានប្រក្រតីភាព»រវាងប្រទេសទាំងពីរនេះ ហើយសង្ឃឹមថា «ការខ្វែងគំនិតគ្នាដែលមានស្រាប់ នឹងត្រូវបានដោះស្រាយតាមរយៈមធ្យោបាយនយោបាយ និងការទូត ផ្អែកលើមូលដ្ឋានទ្វេភាគី»។
