ប្រទេសអូម៉ង់ និយាយថា ពួកគេបានសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមឧទ្ទាមហ៊ូធីយេម៉ែន និងសហរដ្ឋអាមេរិក ធ្វើឲ្យវាក្លាយជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយរបស់ក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែលផ្ទុះឡើងនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Mohammed Abdulsalam គឺជាអ្នកចរចាជាន់ខ្ពស់់របស់ក្រុមមួយនេះ បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃពុធនេះថា កិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងក្រុមហ៊ូធី និងសហរដ្ឋអាមេរិក មិនរាប់បញ្ចូលប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែលនោះឡើយ ។

ក្រុមអ្នកសម្របសម្រួល បានប្រកាសថា សហរដ្ឋអាមេរិក និងក្រុមហ៊ូធី បានព្រមព្រៀងបទឈប់បាញ់ដើម្បីធានាឲ្យមានសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រក្រហម ដែលក្រុមនេះ បានវាយប្រហារលើការដឹកជញ្ជូនជាច្រើនខែមកហើយនោះ ។
កិច្ចព្រមព្រៀងនេះ កើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ចប់ការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូធី បន្ទាប់ពីពួកគេបានយល់ព្រមបញ្ឈប់ការយាយីនាវា ទោះបីជាលោកមិនបាននិយាយដោយផ្ទាល់អំពីការវាយប្រហារនាពេលថ្មីៗនេះទៅលើសម្ព័ន្ធមិត្តអ៊ីស្រាអែលក៏ដោយ ។
ក្រុមហ៊ូធី បានចាប់ផ្តើមការវាយប្រហារផ្លូវដឹកជញ្ជូនតាមសមុទ្រក្រហម ក្រោយសង្រ្គាមហ្កាហ្សាចាប់ផ្តើម ដោយពួកគេនិយាយថា វាគឺជាការគាំទ្រមួយដល់ជនប៉ាឡេស្ទីន ។
កាលពីខែមីនាកន្លងទៅ លោក Trumpបានបញ្ជាឲ្យបើកប្រតិបត្តិការយោធាធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋបាលរបស់លោកប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី ជាហេតុបណ្តាលឲ្យពលរដ្ឋយេម៉ែនរាប់រយនាក់ ត្រូវបានសម្លាប់ ៕
