ភ្នំពេញ ៖ អំឡុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្ដេ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌី ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី។
អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ ព្រមទាំងប្រតិភូកម្ពុជា។ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា។ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺរដ្ឋបុរសរបស់ កម្ពុជាដោយសារសម្ដេចតេជោបានដឹកនាំកម្ពុជាតាំងពីអំឡុងពេលសង្គ្រាម ស្វែងរកសន្តិភាពជូនកម្ពុជា និងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់។
មានប្រសាសន៍នៅក្នុងជំនួបនេះដែរ សម្ដេចតេជោបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែលបន្តមានទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការល្អជាមួយគ្នា និងមានភាពប្រសើរជាលំដាប់។ ក្នុងជំនួបនេះសម្ដេចតេជោក៏បានជំរុញដល់ ប្រទេសទាំងពីរឱ្យបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យបានច្រើនថែមទៀត។
ឯកឧត្ដម ជា ធីរិទ្ធ បន្ថែមថា នៅក្នុងជំនួបនេះ សម្ដេចតេជោក៏បានលើកឡើងនូវគំនិតបង្កើតឱ្យមានវេទិកាកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ ទស្សនទានរបស់សម្ដេចតេជោ ត្រូវបានឯកឧត្ដមប្រធានព្រឹទ្ធ សភាឥណ្ឌូណេស៊ីគាំទ្រ។
ក្នុងជំនួបនេះដែរ សម្ដេចតេជោ និងឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ីក៏បានពិភាក្សាពីបញ្ហាសង្គ្រាមពាណិជ្ជកម្មភ្ជាប់ភូមិសាស្ត្រនយោបាយ ដែលកំពុងកើតមានសព្វថ្ងៃនេះ។ បញ្ហានេះសម្ដេចតេជោបានលើកជាគំនិតឱ្យប្រទេសក្នុងតំបន់អាស៊ានពង្រីកការធ្វើពាណិជ្ជកម្មជាមួយគ្នា និងស្វែងរកទីផ្សារថ្មីជាមួយគ្នាបន្ថែមទៀត។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានអញ្ជើញឯកឧត្ដមប្រធានព្រឹទ្ធ សភាឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានទទួលយកការអញ្ជើញនេះដោយរីករាយ ហើយសន្យាថា នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗខាងមុខ៕
ដោយ៖ គង់ ឌិន



