នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធ (ទី៧ ខែឧសភា) នេះ បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយ ជា «សញ្ញា» នៃភាពសំខាន់ នៅក្នុងតំបន់ ដែលទីក្រុងកង់បេរ៉ាបង្ហាញឲ្យឃើញ តាមរយៈដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក គិតចាប់តាំងពីទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី លោក Albanese បាននិយាយថា៖ «យើងមិនមានទំនាក់ទំនងសំខាន់ជាងប្រទេសឥណ្ឌូនេស៊ី នៅភាគខាងជើងប្រទេសរបស់យើងនោះទេ»។ លោកបានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ឥណ្ឌូនេស៊ី នៅថ្ងៃពុធ ពោលគឺមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានស្បថចូលកាន់តំណែង។
លោក Albanese បានជាប់ឆ្នោតឡើងវិញ ហើយគណបក្សពលកររបស់លោក បានបង្កើនសំឡេងភាគច្រើន នៅសភា ក្នុងការបោះឆ្នោតនេះ។
លោកបានប្រាប់ទៀតថា ឥណ្ឌូនេស៊ីនឹងរីកចម្រើនក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅក្នុងពិភពលោក ហើយអូស្ត្រាលីមានទំនាក់ទំនងផ្នែកការពារជាតិ និងសន្តិសុខដ៏សំខាន់ជាមួយទីក្រុងហ្សាការតា។ លោកបានបន្ថែមថា ដំណើរទស្សនកិច្ចនេះ នឹងជា «សញ្ញាមួយទៅកាន់តំបន់របស់យើង អំពីសារៈសំខាន់ ដែលយើងបង្ហាញឲ្យឃើញនៅក្នុងតំបន់នេះ»៕