មនុស្សយ៉ាងហោច ២នាក់ ត្រូវបានសម្លាប់ និង ៨នាក់ផ្សេងទៀត រងរបួស ក្រោយរុស្ស៊ីបើកការវាយប្រហារយានដ្រូន កាលពីយប់កន្លងទៅលើរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន ។
សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា កម្ទេចកម្ទីធ្លាក់ពីយានដ្រូនរងការបំផ្លាញ បង្កឲ្យមានអគ្គិភ័យនៅអគារផ្ទះល្វែង អគារអ្នកស្រុកនៅតាមសង្កាត់ចំនួន ៣របស់ទីក្រុងគីវ ដោយបានសម្លាប់មនុស្ស ២នាក់ នៅសង្កាត់មមាញឹក Shevchenkivskyi ។ មនុស្ស ៨នាក់ផ្សេងទៀត រួមទាំងក្មេងៗ ៤នាក់ បានរងរបួស ក្នុងការវាយប្រហារនេះ ។
កម្ទេចកម្ទីយានដ្រូនរុស្ស៊ីបានធ្លាក់លើអគាររស់នៅអ្នកស្រុកជាច្រើននៅក្នុងសង្កាត់ Dnipro, Shevchenkivskyi និងសង្កាត់ Sviatoshynskyi ។
សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែនបន្តថា នៅសង្កាត់ Shevchenkivskyi សាកសពមនុស្ស ២នាក់ ត្រូវបានរកឃើញ ក្រោយយានដ្រូនវាយប្រហារអគារស់នៅកម្ពស់ ៥ជាន់ ៕