វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងជួបពិភាក្សាជាមួយប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro នៅទីក្រុងមូស្គូ នៅថ្ងៃពុធ (ទី៧ ខែឧសភា) ហើយមេដឹកនាំទាំង២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ។
អ្នកនាំពាក្យ លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា វានឹងក្លាយជា «ឯកសារក្របខ័ណ្ឌដែលមានទម្ងន់ ធំធេង និងសំខាន់ណាស់» តែលោកមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បាននាំឲ្យមានការបែកបាក់ ក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយរដ្ឋលោកខាងលិចភាគច្រើន ហើយបានជំរុញឲ្យទីក្រុងមូស្គូពង្រឹងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតដែលបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន ដើម្បីប្រឆាំងនឹងឥទ្ធិពលនៃអ្វីដែលហៅថា «សមូហភាពលោកខាងលិច» ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។
គិតចាប់តាំងពីឆ្នាំ២០២២ មក រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចិន កូរ៉េខាងជើង និងអ៊ីរ៉ង់រួចហើយ។ វេណេហ្ស៊ុយអេឡា មានប្រវត្តិសាស្ត្រថ្មីដ៏តានតឹងជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានសម្គាល់ដោយការបែកបាក់ទំនាក់ទំនងការទូត ការដាក់ទណ្ឌកម្ម និងការចោទប្រកាន់ពីសកម្មភាពឧក្រិដ្ឋកម្ម និងផែនការធ្វើរដ្ឋប្រហារ។
អំឡុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងមូស្គូ លោក Maduro ក៏គ្រោងនឹងចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួន លើពួកណាស៊ីអាល្លឺម៉ង់ ក្នុងនោះរួមទាំងព្យុហយាត្រាយោធានៅថ្ងៃសុក្រផងដែរ៕