ក្រុមអ្នកស្រុករស់នៅក្នុងទីក្រុង Sinjil និយាយថា របងលួសដែលត្រូវបានដំឡើងកាលពីពេលថ្មីៗជុំវិញទីក្រុងនៅតំបន់វ៉េសប៊ែងមួយនេះ ប្រៀបបាននឹងគុកឥតជញ្ជាំងដ៏ធំមួយ បំបែកពួកគេចេញពីផ្លូវធំតភ្ជាប់ទីក្រុង Sinjil ទៅកាន់ទីក្រុង Nablus និងទីក្រុង Ramallah ។
លោក Baha Faqaha គឺជានាយរងក្រុមប្រឹក្សាក្រុង Sinjil និយាយថា នេះគឺជារបងដំឡើងដោយក្រុមកាន់កាប់អ៊ីស្រាអែលធ្វើឲ្យទីក្រុងរបស់លោកក្លាយជាគុកឥតជញ្ជាំង វាហ៊ុមព័ទ្ធជិត និងបិទច្រកចូលទាំងអស់ទៅក្នុងទីក្រុង ។
យោងតាមការអះអាងរបស់លោក Faqaha និងក្រុមប្រជាពលរដ្ឋក្នុងស្រុកនៅទីក្រុង Sinjil បានឲ្យដឹងថា គ្រឿងចក្រអ៊ីស្រាអែល បានឈូសឆាយដីដែលជាកម្មសិទ្ធិរបស់ជនប៉ាឡេស្ទីន មុនពេលដាំបង្គោលដែកកម្ពស់ ៤ម៉ែត្រ នៅជុំវិញទីក្រុង និងធ្វើរបងលួសប្រវែងជាង ១គ.ម រហូតដល់ផ្លូវធំ Highway 60 ។
យោធាអ៊ីស្រាអែលពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយចំពោះការធ្វើរបងលួសនេះ ។
កាលពីខែសីហា ឆ្នាំមុន កងទ័ពអ៊ីស្រាអែល បានចេញបញ្ជាយោធាឲ្យរឹបអូសយកដី ដែលបច្ចុប្បន្នដំឡើងរបងលួសនៅជុំវិញទីក្រុង Sinjil ។
លោក Fuqaha និយាយថា របងលួសនេះ នឹងរារាំងពលរដ្ឋពីការធ្វើដំណើរដល់ផ្លូវធំ ហើយមិនអាចចូលដីរបស់ពួកគេ ដែលស្ថិតនៅក្រោយរបងលួស ។
គួររំឭកថា កាលពីខែកក្កដា ឆ្នាំ ២០០៤កន្លងទៅ តុលាការយុត្តិធម៌អន្តរជាតិ(ICJ)បានរកឃើញ កំផែងបែងចែករបស់អ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង បានបំពានច្បាប់អន្តរជាតិ ហើយកំផែងនេះ គួរតែរុះរើចោល បើទោះបីជាវានៅមានដដែលនាពេលបច្ចុប្បន្នក៏ដោយ ៕