នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីន នាំគ្នាដើរមើលគំនរបាក់បែកអគារនៅក្នុងសាលារៀន Abu Hmeiseh ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា រយៈពេល ១ថ្ងៃ ក្រោយការវាយប្រហារតាមច្រកអាកាស ២លើករបស់អីស្រាអែលត្រូវចំសាលារៀនមួយនេះ ដែលធ្វើជាទីជម្រកសម្រាប់មនុស្សជម្លៀសខ្លួន ។
អាជ្ញាធរសុខភាពក្នុងស្រុក និយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារលើសាលារៀនធ្វើជាទីជម្រកសម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួន បានសម្លាប់មនុស្សយ៉ាងហោច ៣៣នាក់ រួមទាំងស្រ្តី និងកុមារផងដែរ ខណៈអ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារទីបញ្ជាការរបស់ក្រុមភេវកម្មនៅទីនោះ ។
លោក Ali Al-Shagra គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា អ្វីដែលបានកើតឡើង ប្រៀបបាននឹងការរញ្ជួយដីអញ្ចឹងដែរ ។ ក្រុមកាន់កាប់អ៊ីស្រាអែល វាយប្រហារសាលារៀនជាទីស្នាក់នៅរបស់ក្មេងៗ ។ អ៊ីស្រាអែលដឹងពីតម្លៃរបស់ក្មេងៗ ពីព្រោះថាក្មេងៗនឹងស្នងដំណែងពីដូនតារបស់ពួកគេ ។ ដូច្នេះហើយក្រុមកាន់កាប់សម្លាប់ក្មេងៗ និងស្រ្តី ។
លោកបន្តថា ដូចអ្នកឃើញស្រាប់ហើយថាតើមានមនុស្សប៉ុន្មានត្រូវបានសម្លាប់? មនុស្សប៉ុន្មាននាក់បាត់ខ្លួន? ពួកគេទាំងអស់នោះ គឺជាស្រ្តី និងក្មេងៗ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារកើនឡើងប្រឆាំងក្រុមហាម៉ាស ត្រូវតែខ្លាំងក្លា ក្រោយគណៈរដ្ឋមន្រ្តីសន្តិសុខរបស់លោកអនុម័តផែនការដែលអាចរួមបញ្ចូលការរឹបអូសតំបន់ហ្កាហ្សាស្រ្ទីបទាំងមូល និងការគ្រប់គ្រងជំនួយ ៕

