ព្រះសីហនុ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ និងបូកសរុបការងារសមាគមអតីតយុទ្ធជនខេត្ត។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំដោះស្រាយគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានថ្លែងអំណគុណគណ:កម្មការគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ចាប់ពីឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត បានបំពេញតួនាទីក្នុងការគ្រប់គ្រងធានារ៉ាប់រងបានទាំងស្រុងរាល់បញ្ហាគ្រោះមហន្តរាយដែលកើតឡើង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ជំហានបន្ទាប់ដែលត្រូវធ្វើនោះគឺ ពិនិត្យចំពោះអតីតយុទ្ធជនដែលគ្នានដី និងផ្ទះជាក់ស្តែងខេត្តព្រះសីហនុមានជាង ១០០គ្រួសារ ក្នុងចំណោមនោះមមាន៥០គ្រួសារប៉ុណ្ណោះដែលគ្មានដី និងផ្ទះរស់នៅ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា គិតមកដល់ពេលនេះ សមាគមអតីតយុទ្ធជនកម្ពុជាបានទទួល និងគ្រប់គ្រងដីសម្បទាសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានផ្តល់សម្រាប់ធ្វើការចែកជូនអតីតយុទ្ធជនដែលគ្មានដី និងគ្មានផ្ទះស្នាក់នៅពិតប្រាកដ ខណៈខេត្តព្រះសីហនុ មានផ្ទះចំនួន៥១ខ្នងបានសាងសង់ជាបន្តបន្ទាប់ ក្នុងនោះចំនួន ២០ខ្នងបានសាងសង់រួចរាល់ និង ៣១ខ្នងផ្ទះទៀតបន្តសាងសង់ដើម្បីប្រគល់ទទួលជូនពួកគាត់នៅពេលខាងមុខនេះ។
ទន្ទឹមនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើឱ្យមានការរៀបចំជាចលនាមហាជនដែលចូលរួមពីបណ្តា ក្រសួង មន្ទីរ អង្គភាព និងសប្បុរសជន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលសាងសង់ផ្ទះជាច្រើនខ្នងទៀតសម្រាប់ប្រគល់ជូនអតីតយុទ្ធជន។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រុមការងារតាមក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារអតីតយុទ្ធជនពលីនៅក្នុងសមរភូមិក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន ២៨៧គ្រួសារផ្សេងទៀត ត្រូវយកចិត្តទុក្ខដាក់ ចុះសួរសុខទុក្ខ និងចែករំលែកនូវការខ្វះខាតរបស់ពួកគាត់ ដើម្បីជាការតបស្នងសងគុណដែលពួកគាត់បានពលីជីវិតក្នុងសមភូមិ ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិកម្ពុជា ។








