ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាចុះអប់រំណែនាំនិងធ្វើកិច្ចសន្យាដល់អាជីវកលក់ធូរេន នៅកំណាត់វិថីព្រះសីហនុ ដោយទុករយ:ពេល ៣ថ្ងៃឲ្យបញ្ឈប់ការធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារទូរគមនាគមន៍កម្ពុជា។
ទីតាំងដែលក្រុមអាជីវកលក់ធូរេននោះ ស្ថិតនៅមុខអគារទូរគមនាគមន៍កម្ពុជា ជាសហគ្រាសសាធារណៈរបស់រដ្ឋ មានអាសយដ្ឋានលេខ ៩៥-៩៧ វិថីព្រះសីហនុ កែងផ្លូវ១០៥ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការណែនាំពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អនុញ្ញាតឲ្យ លោក គ្រួច សុធន នាយករងរដ្ឋបាល ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យា ទុករយះពេល០៣ថ្ងៃ ឲ្យបញ្ឈប់ការធ្វើអាជីវកម្មលក់នៅកំណាត់វិថីព្រះសីហនុនេះ។
លោក គ្រួច សុធន នាយករងរដ្ឋបាលបានបញ្ជាក់ថា ក្រោយមានការអនុញ្ញាតពី លោកអភិបាលខណ្ឌ៧មករា និងមានការសំណូមពរពី អគ្គាធិការដ្ឋាននៃទូរគមនាគមន៍កម្ពុជា ដល់អាជ្ញាធរមូលដ្ឋាន ពីបញ្ហាក្រុមអាជីវកលក់ធូរេន ធ្វើអាជីវកម្មការចតរថយន្ត ឬរទេះ និងតាំងលក់ដូរ យ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាពទីតាំងអគារ សុំឲ្យបញ្ឈប់ការលក់ដូបែបនេះ និងសំណូមពរឲ្យទៅរកទីតាំងផ្សេង។
ក្នុងនោះលោកនាយករងរដ្ឋបាលបានធ្វើកិច្ចសន្យាណែនាំដល់ក្រុមអាជីវក តែមានក្រុមអាជីវកមួយចំនួនមិនបានចូលរួមសហការជាមួយអាជ្ញាធរនោះ ប៉ុន្តែនោះជាយ៉ាងណារដ្ឋបាលខណ្ឌបានជូនដំណឹង ដោយទុកឪសានុវាទរយ:ពេល០៣ សម្រាប់រកទីតាំងថ្មី ដោយគិតចាប់ពីថ្ងៃទី០៧ដល់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ជាកំណត់។ ក្នុងករណីម្ចាស់ទីតាំងអាជីវក មិនគោរពតាមការណែនាំរបស់អាជ្ញាធរ រដ្ឋបាលខណ្ឌនឹងចាត់វិធានរុះរើ ដកហូត យកមករក្សាទុកនៅសាលាខណ្ឌ៧មករា ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ ៕
អត្ថបទ៖ កុម្ភៈ


















